Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ កូនប្រុសសម្ដេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព គឺជាកត្តាសំខាន់មួយហើយ ប៉ុន្តែកត្តាសំខាន់មួយទៀត គឺមេដឹកនាំ ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅរួមសុខរួមទុក្ខជាមួយប្រជាជន មានលទ្ធភាពបម្រើប្រជាពលរដ្ឋ កសាងសមិទ្ធផលផ្សេងៗ ជួយលើកស្ទួយកម្រិតជីវភាពមន្ត្រីរាជការ បង្កើតឱកាសការងារសម្រាប់កូនចៅប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង ក្នុងសាលាបឋមសិក្សាអារក្សត្នោត ស្ថិតនៅក្នុងសាលាបឋមសិក្សាអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

ក្នុងឱកាសនេះ កូនប្រុសនាយករដ្ឋមន្ត្រីរូបន បានថ្លែងថា អ្វីៗដែលមានសព្វថ្ងៃក្រោយសង្គ្រាមកាលពី៤០ឆ្នាំមុន គឺបានមកពីកត្តា២ គឺសុខសន្តិភាពដែលយើងមានសព្វថ្ងៃ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការកសាងសមិទ្ធផលនានា។ លោកថា ហើយឱកាសនេះ បានមកពីការជ្រើសរើសអ្នកដឹកនាំ គឺជ្រើសរើសសម្តេចតេជោ ហ៊ុន សែន មានឱកាស និងលទ្ធភាពដឹកនាំប្រទេស និងបម្រើប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសរីកចម្រើន ធ្វើឲ្យកម្រិតជីវភាព មន្ត្រីរាជការមានការកើនឡើង ជីវភាពប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ។ សូមអរគុណប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានជឿទុកចិត្ត និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសមកដល់ពេលបច្ចុប្បន្ន។

លោកបន្ថែមថា ថ្នាក់ដឹកនាំប្រទេសមួយរូប ដែលប្រសូតចេញពីស្រុកស្ទឹងត្រង់ បានលះបង់ជីវិត លះបង់ពេលវេលា លះបង់ឱកាស និងការលះបង់ច្រើនទៀត គឺយកជីវិតជាថ្នូរ ដើម្បីរំដោះប្រជាពរដ្ឋចេញពីសង្គ្រាម។ មានសុខសន្តិភាពហើយ អ្នកដឹកនាំរូបនេះ មិនដែលទុកប្រជាជនចោលនោះទេ គឺចុះជាប់ជាមួយប្រជាជន និងបានឲ្យក្រុមការងារចុះជួយប្រជាជននៅតាមមូលដ្ឋានគ្រប់ពេលវេលា។ នេះគឺជាមោទនភាពរបស់អ្នកស្ទឹងត្រង់ ដែលមានថ្នាក់ដឹកនាំមួយរូប ដែលបានលះគ្រប់បែបយ៉ាងធ្វើដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា “សន្តិភាព គឺជាកត្តាសំខាន់មួយហើយ ប៉ុន្តែកត្តាសំខាន់មួយទៀត គឺមេដឹកនាំ ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅរួមសុខរួមទុក្ខជាមួយប្រជាជន មានលទ្ធភាពបម្រើប្រជាពលរដ្ឋ កសាងសមិទ្ធផលផ្សេងៗ ជួយលើកស្ទួយកម្រិតជីវភាពមន្ត្រីរាជការ បង្កើតឱកាសការងារសម្រាប់កូនចៅប្រជាពលរដ្ឋ ខុសពីបុគ្គលនយោបាយមួយចំនួន ដែលមិនបាននៅជាមួយប្រជាពលរដ្ឋ ហើយមិនបានធ្វើអ្វីសោះសម្រាប់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំ ដែលធ្វើពិតប្រាកដដើម្បីប្រទេសជាតិទាំងមូល”។

លោកបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ គ្មានបុគ្គលណា គ្មានគណបក្សណា នៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ ក្រៅពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានោះទេ គឺយើងខិតខំបម្រើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព និងកសាងប្រទេសឲ្យមានការរីកចម្រើន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រ សម្តេចតេជោ ជាបន្តទៅទៀត ដើម្បីថែរក្សាលំនឹងនយោបាយ និងសុខសន្តិភាព និងរួមគ្នាអភិវឌ្ឍប្រទេសឲ្យរីកចម្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor