Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានប្រាប់ភ្នាក់ងារ CAMPOST ដោយផ្ទាល់មាត់នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ចំពោះរថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋ រងរបួស ធ្ងន់ធ្ងរក្អួតធ្លាក់ឈាមនោះ ត្រូវកម្លាំងនគរបាលឃាត់បានរថយន្ដហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ។

លោកមេប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ថា ជនសង្ស័យជាប៉ូលិ​សនៅខណ្ឌឫស្សីកែវ ហើយត្រូវបានផ្លាស់ចេញទៅចរាចរណ៍​ក្រុង។

សូមបញ្ជាក់ថា ការឃាត់រថយន្តខាងលើនេះ តារាកំប្លែងនាយ ពែក មី បានចេញមុខមកស្នើសុំឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ​ ឲ្យជួយរកយុត្តិធម៌ឲ្យប្អូនប្រុស ក្រោយពី​រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ ២AP-០១៩៨ បើកដេញបុកម៉ូតូប្អូនប្រុសរបស់លោក បណ្ដាលឲ្យទៅបុកនឹងជញ្ចាំងផ្ទះប្រជាពលរដ្ឋ  រងរបួសយ៉ាងធ្ងន់ធ្ងរក្អួតធ្លាក់ឈាម ហើយរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែ៥ ឆ្នាំ២០១៨ រយៈពេល៩ថ្ងៃមកហើយ នៅ​ពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយណាមួយទាល់តែសោះ។

តាមរយៈវីដេអូឃ្លីប របស់តារាកំប្លែងនាយ ពែក មី ដែលបានបង្ហោះសារលើបណ្ដាញព័ត៌មានសង្គម Facepook បានបង្ហាញយ៉ាងដូច្នេះថា បាទខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ ដែលកំពុងតាមដានវីដេអូឃ្លីបទាក់ទងទៅនិងករណីមានរថយន្ត១គ្រឿង ដេញបុកម៉ូតូប្អូនប្រុសរបស់ខ្ញុំធ្វើឲ្យគ្នាភ័យស្លន់ស្លោរទៅដល់បុករបងផ្ទះប្រជាជន រងរបួសយ៉ាងធ្ងន់ធ្ងរមកទល់ពេលនេះ តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មកដល់ថ្ងៃទី១៩ មានរយៈពេល៩ថ្ងៃហើយ ហើយប្អូនប្រុសរបស់ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រងរបួសធ្ងន់ធ្ងរណាស់​ រយៈពេល៩ថ្ងៃមកនេះ ទៅជាក្អួតមកសុទ្ធតែឈាម ឥឡូវពួកខ្ញុំព្រួយបារម្ភអស់សង្ឃឹមក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ គម្រោងនិងបញ្ជូនទៅប្រទេសវៀតណាម ដើម្បីព្យាបាលបន្ត ករណីនេះ ពួកយើងខ្ញុំក៏បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសខណ្ឌឫស្សីកែវ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំ ប៉ុន្តែមកទល់ពេលនេះ ប៉ូលិសមិនទាន់ដោះស្រាយនៅឡើយទេ៩ថ្ងៃហើយ អ៊ីចឹងខ្ញុំបាទ ចេញ​វីដេអូនេះ សូមអំពាវនាវ បងៗសមត្ថកិច្ចខណ្ឌឬស្សីកែវ ក៏ដូចជាសមត្ថកិច្ចខាងលើៗទៀត សូមមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំផងបាទ ខ្ញុំ​បាទសូមអរគុណច្រើន សូមជម្រាបលា សូមជួយ Like និងជួយ Share វីដេអូផង អរគុណច្រើន។

ជាមួយនិងការបង្ហោះសារវីដេអូឃ្លី​បតារាកំប្លែង នាយ ពែក មី ក្នុងការស្នើសុំឲ្យបងៗសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចខាងលើៗទៀត សូមមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ជូនប្អូនប្រុសរបស់លោក នៅលើបណ្ដាញព័ត៌មានសង្គម Facepook ខាងលើនេះ គេសង្កេតឃើញថា Account Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបង្ហោះសារឆ្លើយតបយ៉ាងដូច្នេះថា ជម្រាបជូនលោក ពែកមី ក៏ដូចសាធារណៈជន មេត្តាជូនជ្រាប!

ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភានោះ សមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់នាយឧត្តមសេនិយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ។

វីដេអូ ៖

ក្រោយកើតហេតុ និងសាកសួរស្រាវជ្រាវតាមពាក្យបណ្ដឹងនូវហេតុការណ៍ ខាងលើនេះ លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ បានបង្ហាញតាមរយៈរបាយការណ៍ឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ។

របាយការណ៍ របស់លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបង្ហាញឲ្យដឹងទៀតថា ជនរងគ្រោះជិះបើកម៉ូតូស្មាស់ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មីអាងទឹក ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្ដធុនត្រា បានបើកយ៉ាងលឿនដេញពីក្រោយម៉ូតូស្មាស់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្មាស់ ទៅបុកនិងរបងទ្វារផ្ទះដួលតែម្ដង ចំណែករថយន្ដធុនត្រា ក៏បើកបត់ស្ដាំគេចខ្លួនតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor