Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិតជារឿងគួរឲ្យរន្ធត់ និងសង្វែគណាស់ បុរស​ម្នាក់ នៅខ្វះតែ២ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការ ប៉ុន្តែជាអកុសល​ត្រូវ​រថយន្តដឹកដែក Camel Cement កិន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១០៖១០នាទីយប់​​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​​។

អ្នកឃើញហេតុការណ៍ បាន​ប្រាប់ភ្នាក់ងារ​សារព័ត៌មាន​ CAM POST ឲ្យ​ដឹងថា មុនពេលកើតហេតុ​ គេឃើញបុរសរងគ្រោះ រួមជាមួយប្អូនជិះម៉ូតូមួយគ្រឿងម៉ាក Dream សេរីឆ្នាំ២០១០ ស្លាកលេខកំពត 1B-9727 តាមបណ្តោយផ្លូវ២១៧ លុះជិះមកដល់មុខវត្តនន្ទមុនី បានប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងទៀត ធ្វើឲ្យ​ម៉ូតូជនរងគ្រោះដួលខ្ទាត​ជនរងគ្រោះចូលមកគន្លង ស្រាប់តែមានរថយន្តធុនធំដឹកដែករាប់សិបតោន ក្រុមហ៊ុន Camel Cement ពាក់ស្លាកលេខកោះកុង 3A-0038 កិនបែកក្បាលស្លាប់ភ្លាមៗតែម្តង គួរឲ្យអាសូរ។

ជនរងគ្រោះឈ្មោះ សាញ់ ភារិទ្ធ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។

ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក​ និងម៉ូតូ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor