
ភ្នំពេញៈ រថយន្តអូឌីមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យបាក់រលំដល់ដី រថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង ព្រមទាំងឆេះផ្សែងទ្រលោម ធ្វើឲ្យអ្នកបើកបរស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចរង្វង់មូលជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ សយ សាន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើត គេឃើញបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ២នាក់ បើករថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9229 ពីកើតទៅលិច ក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះទៅបុកស្លាកប៉ានណូបាក់រាបដល់ដី រួចក្រឡាប់ផ្ងារជើងទ្រមេឃ ឆេះផ្សែងហុយទ្រលោម។ ចំណែកអ្នកជិះក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសលត្រូវស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕






