
ក្រចេះ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយការបាញ់សម្លាប់បញ្ចប់ជីវិតខ្លួនឯង ព្រោះតែខឹងប្រពន្ធ បន្ទាប់ពីផឹកស្រវឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
ករណីធ្វើអត្តឃាតនេះ បានកើតឡើងនាវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអង្គារ ១កើត ខែជេស្ដ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរក្រួត ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដី ដែលចិត្តខ្លាំងហ៊ានបញ្ចប់ជីវិតរបស់ខ្លួនឯង មានឈ្មោះ ម៉ៅ សុខហង្ស អាយុ៣៦ឆ្នាំ។ បុរសរងគ្រោះ បានប្រើអាវុធកែច្នៃបាញ់សម្លាប់ខ្លួននៅលើផ្ទះខ្លួនឯង ព្រោះស្រវឹងស្រា ហើយខឹងនឹងប្រពន្ធ។
ក្រោយការបាញ់ប្រហារ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលរួចមកនោះ សមត្ថកិច្ចបានចុះដល់ចំណុចផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច័យលើសពជនរងគ្រោះ មុនពេលប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
