Sponsor
រិទ្ធី

បរទេសមួយចំនួនបានបង្ហាញពីឥរិយាបថរបស់ខ្លួនក្នុងការឃុបឃិតនិងនៅពីក្រោយខ្នងនៃអំពើក្បត់ជាតិរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងច្បាស់ក្រឡែត។ ពួកគេមិនបានយកវិចារណញ្ញាណមកធ្វើជាជញ្ជីងក្នុងការថ្លឹងថ្លែងបុព្វហេតុដែលនាំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិឡើយ។ ពួកគេចេញមុខទាមទារឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោត ប៉ុន្តែពួកគេបែរជាធ្វើជាភ្លេចមើលកំហុសរបស់មេដឹកនាំគណបក្សនេះទៅវិញ។ តើពាក្យថា «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដែលពួកគេយកមកប្រើសព្វថ្ងៃនេះ មានន័យឱ្យប្រាកដគឺជាអ្វី? នេះជាការលើកឡើងរបស់ លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។

អតីតគ្រូបង្រៀនរូបនេះបន្ថែមថា៖ មេដឹកនាំគណបក្សនយោបាយមួយបានប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់ធ្ងរបំផុតដែលជាអំពើ «ក្បត់ជាតិ» បើកុំតែមានវិធានការផ្លូវច្បាប់ទាន់ពេលវេលាទេនឹងឈានទៅមានបដិវត្តផ្តួលរំលំ បង្កវិនាសសកម្មក្នុងប្រទេស ម្តេចក៏ពួកគេមិនគិតផង បែរជានាំគ្នាទៅការពារអំពើល្មើស ដោយត្រឹមតែយកពាក្យ «ប្រជាធិបតេយ្យ» មកប្រើ?

ទីប្រឹក្សារូបនេះអះអាងថា៖ កម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយដំណើរការប្រជាធិបតេយ្យមកដល់សព្វថ្ងៃនេះគឺមានរយ:ពេលម្ភៃប្រាំមកហើយៗក៏មិនដែលមានឧបសគ្គអ្វីមករំខានដំណើរប្រជាធិបតេយ្យនេះដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាបានមើលឃើញយ៉ាងច្បាស់ថា អតីតក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនិងបរទេសមួយចំនួនដែលកំពុងយកពាក្យ «សង្គ្រោះប្រជាធិបតេយ្យ» នៅកម្ពុជាទៅវិញទេ ដែលជាអ្នកប៉ុនប៉ងនិងព្យាយាមសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះ។ 
អ្វីដែលជាកត្តាសំខាន់នៅចំពោះមុខ គឺប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតរាប់លានបានត្រៀមលក្ខណ:សម្បត្តិរួចរាល់ហើយ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនខ្វល់ពីអវត្តមានគណបក្សសង្គ្រោះជាតិឡើយ ព្រោះពួកគាត់បានជ្រាបច្បាស់ថាគណបក្សមួយនេះគឺជាគណបក្សក្បត់ជាតិហើយត្រូវបានរំលាយដោយតុលាការកំពូលដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor