
ភ្នំពេញៈ ទារកអាយុ៤ខែដ៏កម្សត់ម្នាក់ បានស្លាប់គួរឲ្យអាសូរ បន្ទាប់ពីស្រេកឃ្លានយំរហូត ទោះបីឲ្យបៅទឹកដោះគោ ក៏មិនបៅ ព្រោះធ្លាប់តែបៅទឹកដោះម្តាយ តែដោយសារការឈ្លោះប្រកែកជាមួយប្តី ទើបម្ដាយទៅចោលបាត់ ទុកកូនឲ្យប្ដីមើល មិនដល់មួយអាទិត្យផង កូនចោលស្លាប់ ដោយសារតែស្រេកឃ្លានទឹកដោះម្តាយ។ តើនេះជាកំហុសនរណា? ចំណែកឪពុកបានបីសពកូន ដើរចូលក្នុងវត្តសំដៅទៅមច្ឆា រួចតថ្លៃជាមួយតាអាចារ្យ រៀបចំបូជាសពកូន ដោយពុំរាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យដឹង និងចុះមកពិនិត្យសាកសពឡើយ។
ករណីដ៏គួរឲ្យអាសូរនេះ កើតឡើងកាលពីម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតនៅក្នុងវត្តចាក់អង្រែក្រោម ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមសំដីស្ត្រីដែលជាម្ដាយមីងខាងប្រុស បានប្រាប់ថា មកពីម្ដាយទារកនឹង យកកូនមកឲ្យខាងប្រុសមើល រួចរត់ចោលកូនបាត់ គឺនិយាយដដែលៗ។

ចំណែកនារីជាម្ដាយក្មេងប្រុសនោះ បានរៀបរាប់ទាំងមិនអស់ចិត្តប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា ប្ដីរបស់នាងឈ្មោះ ម៉ៅ មករា ពួកគេរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការទេ ជិត៣ឆ្នាំហើយ ទាំងដែលដឹងថា ក្រុមគ្រួសារទាំងសងខាងមិនសូវពេញចិត្ត ទើបតែសម្រាលបានកូនប្រុសម្នាក់ អាយុ៤ខែប៉ុណ្ណោះ ។ នាងបានរៀបរាប់ទៀតថា ចាប់ពីថ្ងៃដែលស្រលាញ់គ្នាជាប្ដីប្រពន្ធមក មានតែរឿងឈ្លោះគ្នាទៀត ស្ទើរតែរាល់ថ្ងៃ ប្ដីរបស់នាងមិនដែលហៅម្ដាយរបស់នាងម៉ែម្ដងទេ តាំងពីមិនទាន់មិនកូន រហូតមកកើតកូនបានជាង៤ខែនេះ។ នាងបន្តទៀតថា ទើបមុន៦ថ្ងៃ ដែលកូនស្លាប់នេះ គឺប្ដីនាងបានតេមក ដោយប្រាប់ថា ចង់យកកូនមកលេងផ្ទះ ទើបនាងរៀបចំអីវ៉ាន់ និងយកកូនទៅផ្ទះប្ដី។ បន្ទាប់ពីមកដល់ផ្ទះប្ដីហើយហើយនាងក៏ឈ្លោះជាមួយប្ដី ដោយប្រចណ្ឌខឹងប្ដីនាងលួចមានស្រី ទើបមិនទៅជួយមើលថែកូន និងមានសំពាធពីក្រុមគ្រួសារខាងប្រុស ដែលមិនបានពេញចិត្តនាងទៀតនោះ ទើបរូបនាងសម្រេចទុកកូនឲ្យប្ដីមើល ហើយក៏ត្រឡប់ទៅផ្ទះនាងវិញ។ ទើបយប់ថ្ងៃទី២ ខែឧសភា ២០១៨ ប្ដីតេប្រាប់ថា កូនឈឺហើយ ហើមពោះ និងស្រែកយំមិនបាត់សោះ ទើបទាក់ទងគ្នាដើម្បីព្រឹកស្អែកយកកូនទៅឲ្យពេទ្យពិនិត្យមើល លុះព្រឹកថ្ងៃទី៣ ខែឧសភានេះ ពួកគេបានយកកូនទៅឲ្យពេទ្យពិនិត្យមើល តែអកុសលកូនបានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ។ ហើយបុរសជាប្ដីចេញមកមុនបាត់ បំណងយកសពកូនទៅវត្ត ដើម្បីឲ្យព្រះសង្ឃនិងអាចារ្យ បង្សុកូលរួចចង់បូជាសពតែម្ដង។ ទើបរូបនាងប្រញាប់ប្រញាល់ធ្វើដំណើរមកដល់វត្តចាក់អង្រែក្រោមដែរ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា គេឃើញមានបុរសម្នាក់ អះថា ជាឪពុក បានបីសពទារក ដែលទើបតែមានអាយុ៤ខែ ដើរចូលមកសំដៅមច្ឆា រួចតថ្លៃជាមួយតាអាចារ្យ ឲ្យជួយនិមន្តព្រះសង្ឃមកសូត្រមន្តបង្សុកូល និងរៀបចំបូជាសពទារកនោះភ្លាមៗ ដោយពុំរាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យដឹង និងចុះមកពិនិត្យសាកសពឡើយ។ បន្តិចក្រោយមកនារីម្ដាយសពទារកនោះបានមកដល់ដែរ និងចូលរួមបង្សុកូលឧទ្ទិសកុសលជូនកូនជាមួយគ្នា។
ក្រោយពីព្រះសង្ឃនិងតាអាច្យសូត្រមន្តរួចភ្លាម ស្ត្រីដែលជាម្ដាយមីងខាងប្រុស បានដើរមកស្រែកស្ដីឲ្យនារីជាម្ដាយរបស់ទារក៤ខែនោះថា មកពីនាងឯង ទុកកូនចោល រួចរត់ចោលកូនបាត់ ទើបកូនគ្មានទឹកដោះបៅ ស្រែកឃ្លានយំរហូត ទោះឲ្យបៅទឹកដោះគោ ក៏មិនព្រមបៅ រហូតទាល់តែកូនហើមពោះ ឥឡូវដាច់ខ្យល់ស្លាប់ ទើបនាងឯងមក។

ភ្លាមនោះរូបនាងក៏ឆ្លើយតបតវ៉ាវិញថា នាងគ្មានកំហុសអីនោះទេ មកពីក្រុមគ្រួសារសាច់ញាតិប្ដីនាង មិនបានពេញចិត្តរូបនាងជាប្រពន្ធឡើយ ហើយពេលមានកូនជាមួយគ្នាទៀត ហើយថ្ងៃដែលនាងចេញទៅនោះ គឺបានឈ្លោះទាស់សំដីគ្នាជាមួយប្ដី ដោយប្រចណ្ឌខឹងប្ដី ទៅលួចមានស្រី ហើយមិនសូវមានពេលជួយមើលថែកូនទេ ហើយមុន៦ថ្ងៃ ដែលកូនស្លាប់ គឺប្ដីនាងបានតេមក ដោយប្រាប់ថា ចង់យកកូនមកលេងផ្ទះ ទើបនាងរៀបចំអីវ៉ាន់ និងយកកូនទៅផ្ទះប្ដី តែដោយសារតែអន់ចិត្តគ្រួសារខាងប្ដីមិនសូវពេញចិត្តនាងផង ទើបនាងទុកកូនឲ្យប្ដី និងគ្រួសារខាងប្ដីជួយមើលថែជំនួស ទើបនាងចេញទៅវិញបាត់ទៅ។ រហូតឈ្លោះទាស់សម្ដីគ្នាផ្អើលពេញវត្ត ក្រោយមកក៏មានគេឃាត់ក៏ស្ងាត់ទៅវិញទៅ។


ក្រោយមកលោកតាអាចារ្យ ក៏បានប្រាប់ឲ្យបុរសជាឪពុកនោះ លើកសពមករៀបចំបូជាក្នុងមច្ឆាតែម្ដង ដោយពុំរាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យដឹង និងចុះមកពិនិត្យសាកសពឡើយ ។ ហើយនារីជាម្ដាយបានហៅបុរសជាប្ដីមកជួយបកស្រាយមុខក្រុមអ្នកសារព័ត៌មាន ដើម្បីឲ្យដឹងថារឿងរ៉ាវយ៉ាងណាខ្លះ តែបុរសជាប្ដីនោះ មិនព្រមនិយាយអ្វីច្រើនទេ គ្រាន់តែថា រឿងនឹងចប់អស់ហើយ តែប្រពន្ធនៅតែបង្ខំឲ្យជួយបកស្រាយបន្តិចមក រហូតឈ្លោះទាស់សម្ដី ជាមួយម្ដាយមីងទៀត រួចម្ដាយមីងក៏បានឲ្យបុរសនោះឡើងម៉ូតូជាមួយប្អូនចេញទៅបាត់ទៅ។ ក្រោយកើតហេតុគ្រួសារខាងប្រុសបានរង់ចាំរើសធាតុទារកដ៏កម្សត់នោះទៅរៀបចំទុកតាមប្រពៃណី ។
ជាមួយគ្នានេះដែរលោក វុធ ផូសារវន្ត័ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា លោកមិនទាន់ទទួលបានដំណឹងនេះពីក្រុមគ្រួសារសពទារកនោះនៅឡើយទេ ខណៈពេលលោករវល់កំពុងបំបែកសំណុំរឿង ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍វាយបណ្តាលឲ្យស្លាប់ នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង ក្រុមទី២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕





