
បាត់ដំបងៈ មន្ត្រីយោធាស័ក្ដិ៣ នៃអង្គភាពសឹករងខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយការចាក់សាំងដុតខ្លួនឯង ឆេះរាលដាលដល់តូបលក់អីវ៉ាន់ខ្ទេចគ្មានសល់ ព្រោះភ្លើងប្រចណ្ឌប្រពន្ធ បន្ទាប់ពីផឹកស៊ីស្រវឹងជោកខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮមានការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធរបស់មន្ត្រីយោធាខាងលើ នៅត្រង់ចំណុចតូបលក់អីវ៉ាន់ចាប់ហ៊ួយ ដោយបុរសជាប្តីស្រវឹងជោកជាំ។ ការឈ្លោះប្រកែកគ្នានេះ បានបង្កទៅជាធំឡើងៗ ទើបឈានដល់ការយកដបសាំង ដែលដាក់លក់នៅខាងមុខផ្ទះ មកដុតសម្លាប់ខ្លួន បើទោះបីជាមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ ដែលនៅជិតខាងក៏ដោយ ក៏មន្ត្រីយោធារូបនេះមិនស្តាប់ដែរ ព្រមទាំងបានគំរាមចាក់សាំងដុតជាមួយគ្នា បើមាននរណាម្នាក់ ចូលទៅក្នុងផ្ទះនេះ។

នៅទីបំផុតអណ្តាតភ្លើងក៏បានឆាបឆេះឡើងមួយរំពេច ដោយគ្មានអ្នកណាហ៊ានចូលជួយឡើយ រហូតរាងកាយរបស់ជនរងគ្រោះត្រូវឆេះខ្លោចទាំងស្រុង បណ្ដាលឲ្យស្លាប់នៅក្នុងអណ្តាតភ្លើងនោះតែម្តង បើទោះបីជាមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តក៏ដោយ ក៏មិនអាចទៅដល់ទាន់សភាពការណ៍ដែរ។ ប្រភពបន្ថែម។
សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ ជាអំពើអត្តឃាតដោយជនរងគ្រោះមានឈ្មោះ ភ្លឿន ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធាផ្នែកសឹករងខេត្តបាត់ដំបង ឋានៈអនុសេនីយ៍ឯក (ស័ក្ដិ៣) បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ បានចាក់សាំដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតូបលក់អីវ៉ាន់ ដែលតូបមានបណ្តោយប្រវែង៥ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី។

ក្រៅពីអំណាចភ្លើងបានឆេះសម្លាប់ជនរងគ្រោះ ក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ រួមមាន ស្រាបៀរចំនួន២០កេស ទឹកសុទ្ធ៣៥យួរ និងរទេះម៉ាស៊ីនកិនទឹកអំពៅ១គ្រឿង ត្រូវឆេះខូចខាតទាំងស្រុង ដោយគ្មានបានយកចេញទាន់ពេលឡើយ។ រីឯប្រពន្ធមានការទួញសោកប៉ុណ្ណោះ។
ករណីនេះផងដែរ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយសារភ្លើងប្រចណ្ឌប្រពន្ធខ្លួនឯង ខណៈជនរងគ្រោះស្រវឹងស្រាផង ទើបសម្រេចចិត្តបែបនេះតែម្ដង។ បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




