
មណ្ឌលគិរីៈ សហគមន៍រ៉ែមាស បានសម្តែងក្តីសោកស្តាយ គ្រាដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល មិនបានធ្វើដំណើរមកដល់ទីតាំងស្វែងរករ៉ែមាសរបស់សហគមន៍ និងទីតាំងរុករករ៉ែមាសរបស់ក្រុមហ៊ុន រ៉ុង ឆេង ខណៈទីតាំងទាំងពីរនេះ កំពុងស្ថិតក្នុងការសង្ស័យថា ប្រើប្រាស់សាធាតុគីមីពុល ដើម្បីធ្វើការចម្រាញ់មាស ហើយហូរកាកសំណល់ចូលទឹកបង្កឲ្យពលរដ្ឋនៅខេត្តក្រចេះ ពុលរហូតមានការស្លាប់ជាច្រើននាក់។
តាមសេចក្ដីរាយការណ៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់ នៃក្រសួងរ៉ែ និងថាមពល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំង ប្រដាប់អាវុធជាច្រើននាក់ ចុះទៅភូមិពូទុង ឃុំចុងផ្លាស់ (តំបន់ព្រៃមាស) ដើម្បីស្វែងរកសាធាតុពុលឈ្មោះ (សានីត) ដែលបង្កឲ្យមានការពុលតាមរយៈទឹក ប៉ុន្តែក្រុមកាងារបានត្រឡប់ក្រោយវិញ ដោយសារតែផ្លូវមិនអាចធ្វើដំណើរបាន ព្រោះក្រុមហ៊ុនបានប្រើរថយន្តប៉ាកុងជាច្រើនគ្រឿង ដឹកប្រេងជាង១សប្តាហ៍នេះ បំផ្លាញផ្លូវលំទាំងស្រុងតែម្តង។
សេចក្ដីរាយការណ៍បន្តថា នៅថ្ងៃដដែលនេះ ប្រជាសហគមន៍រ៉ែមាស ក៏បានមកជួបជុំគ្នានៅសាលាឃុំចុងផ្លាស់ ប្រមាណជា៣០០នាក់ បំណងស្វែងរកការជួយអន្តរាគមន៍លើការរុករាន្តរណ្តៅរ៉ែមាសរបស់សហគមន៍ពីសំណាក់ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង និងសូមក្តីអនុគ្រោះពីប្រមុខថ្នាក់ដឹកនាំកម្ពុជាផងដែរ លើការបន្ថែមជម្រៅរណ្តៅលើសពី២០ម៉ែត្រ។
តំណាងសហគមន៍រ៉ែមាសចុងផ្លាស់ លោក ពៅ សាវាត បានលើកឡើងក្នុងពេលជួបជុំគ្នានោះថា ក្រុមហ៊ុន រ៉ុង ឆេង បានបំពានរណ្តៅរ៉ែមាសរបស់សហគមន៍ចំនួន៤អណ្តូង ប៉ុន្តែអាជ្ញាធរមិនមានវិធានការទប់ស្កាត់ឡើយ។ ហើយក្រុមហ៊ុនដដែល បានញុះញង់គ្រប់រូបភាព ដើម្បីធ្វើយ៉ាងណាឲ្យរំលាយសហគមន៍រ៉ែមាសរបស់ពលរដ្ឋចោល។ លោកបន្តថា ក្រុមហ៊ុនកំពុងស្តុកកាកសំណល់សារធាតុពុលរាប់លានតោនក្នុងក្រុមហ៊ុន ហើយបានហូរជាតិគីមីពុលចូលទឹកអូរក្លរ បង្កការពុលពលរដ្ឋថែមទៀត។
តំណាងសហគមន៍រូបនេះ បញ្ជាក់ថា ទោះបីជាក្រសួងរ៉ែ និងថាមពល ចុះពិនិត្យស្វែងរកជាតិពុលក្នុងរណ្តៅរ៉ែមាសរបស់សហគមន៍ ពលរដ្ឋមានតែសប្បាយចិត្ត ត្បិតការពួកគេចម្រាញ់យកកម្ទិចរ៉ែមាស គឺប្រើអាស៊ីតសររតែប៉ុណ្ណោះ មិនបានប្រើគីមីអ្វីនោះទេ។ យ៉ាងណា ពលរដ្ឋមានការសោកស្តាយ ដែលក្រសួងខកខានមិនបានចូលមកពិនិត្យក្នុងសហគមន៍ និងក្រុមហ៊ុន រ៉ុង ឆេង។
ដោយឡែក ប្រភពពីអ្នកការពារបរិស្ថាន បានបង្ហើបថា ក្រុមកាងាររបស់គេ កាលពីជាង១០ថ្ងៃមុន (ក្រោយកើតមានករណីពុលទឹកនៅខេត្តក្រចេះ) បានយកទឹកអូរក្លរ ក្បែរក្រុមហ៊ុន រ៉ុង ឆេង ទៅពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ដោយបានរកឃើញជាតិគីមីពុលឈ្មោះ សានីត មានកម្រិតជាតិពុលដល់ទៅ៣០០ ដែលជាកម្រិតមួយបង្កឲ្យមនុស្សស្លាប់បានភ្លាមៗ នៅពេលផឹកទឹកអូរក្លរនេះ។ ក្រុមកាងារខាងលើ បញ្ជាក់ថា ជាតិពុលឈ្មោះ សានីត ស្ថិតក្នុងអូរក្លរជាប់ទីតាំង របស់ក្រុមហ៊ុន រ៉ុង ឆេង មិនបានហូរចេញពីរ៉ែមាសរបស់សហគមន៍នោះទេ។
ប្រធានមន្ទីរ៉ែ និងថាមពលខេត្តមណ្ឌលគិរី លោក សាន់ ដារឹទ្ធ ថ្លែងនៅថ្ងៃទី២០ ខែឧសភានេះថា លោកកំពុងព្រួយបារម្ភអំពីលទ្ធភាពប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ដែរ ព្រោះធនធានរ៉ែដែលនៅក្រោមដីនោះ ពួកគាត់គ្មានលទ្ធភាពទាញយកដោយច្បាប់កំណត់តែត្រឹម២០ម៉ែត្រ។ លោកថា ប្រហែលជាមិនអាចនោះទេ ហើយចំពោះការស្នើសុំជម្រៅលើសនេះ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ ហើយអ្នកដែលទទួលខុសត្រូវគឺខាងមន្ទីរតែម្តង។
ប្រធានមន្ទីរដដែលបន្តថា ចំពោះព័ត៌មានសារធាតុគីមីពុល ដែលក្រសួងលើកឡើងនោះ គឺរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះមកពិនិត្យដែរ តែផ្លូវលំបាក ទើបត្រឡប់ទៅវិញ។ ប៉ុន្តែលោកថា ប្រហែលជាទៅម្តងទៀត នៅថ្ងៃទី២១ ខែឧសភា។ ពាក់ព័ន្ធនឹងសារធាតុគីមីនេះដែរ ប្រសិនបើរកឃើញថា ទីតាំងក្រុមហ៊ុន រ៉ុង ឆេង និងសហគមន៍រ៉ែមាសប្រើប្រាស់បណ្តាលឲ្យពុលពិតមែន អ្នកទាំងនោះនឹងទទួលទោសតាមច្បាប់។ នៅថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន រ៉ុង ឆេង Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ។
គួរជម្រាបថា ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅថ្មីៗនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីរ៉ែ និងថាមពល បានថ្លែងថា កម្រិតជាតិពុលដែលបង្កឲ្យមានមនុស្សស្លាប់នៅស្រុកចិត្តបុរី ខេត្តក្រចេះនោះ បង្ករឡើងដោយសាធាតុគីមីម្យ៉ាង ឈ្មោះ សានីត។ ជាតិគីមីនេះ គេប្រើក្នុងការបន្សុតយកមាស នៅតាមទីតាំងរ៉ែមាសជាដើម។ លោកថា ធុងដាក់សាធាតុគីមីឈ្មោះ សានីត ត្រូវរកឃើញមានច្រើនក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋរំពឹងថា ក្រសួងរ៉ែ និងថាមពល និងអង្គភាពពាក់ព័ន្ធច្រើនទៀត នឹងពិនិត្យចំណុចអូរក្លរ ដែលសង្ស័យបូករួមនឹងកាកសំណល់រាយប៉ាយជាច្រើនក្នុងក្រុមហ៊ុន រ៉ុង ឆេង ថាមានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីឈ្មោះ សានីត នេះដែរឬទេ៕