
ភ្នំពេញៈ ដើមឈើដ៏ធំមួយដើម ដែលដុះនៅក្នុងបរិវេណសាលមហោស្រពចតុមុខ បានដួលរលំ ខណៈពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវ ឬអ្នកលក់ដូរក្បែរនោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលោម៉ោង៥៖១០នាទីល្ងាច ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសាលមហោស្រពចតុមុខ ដែលស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមេឃមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយពេលដែលកំពុងតែមានភ្លៀងធ្លាក់ខ្លាំង និងថែមទាំងមានខ្យល់បក់ផងដែរនោះ ក៏បានធ្វើឲ្យដើមឈើដ៏ធំមួយដើម ដែលដុះខាងក្នុងបរិវេណសាលមហោស្រពចតុមុខ បាក់គល់ដួលរលំសង្កត់លើរបង និងដួលមកលើផ្លូវផ្លូវសុធារសតែម្តង។ យ៉ាងណាសមត្ថកិច្ចថា ហេតុការណ៍ដួលរលំដើមឈើដ៏ធំនេះ មិនបានបង្កឲ្យអ្នកដំណើរតាមផ្លូវ ឬប្រជាពលរដ្ឋ ដែលលក់ដូរក្បែរៗនោះណាម្នាក់រងគ្រោះថ្នាក់ឡើយ ដោយគ្រាន់តែបាក់របងសាលមហោស្រពអស់មួយចំនួនប៉ុណ្ណោះ។

បើតាមសម្ដីអាជ្ញាធរ ដែលចុះដល់កន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ដើមឈើដែលបាក់ដួលរលំនេះ គឺជាប្រភេទឈើក្តុល ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ ដោយសារតែមានភាពវ័យចំណាស់របស់ដើមឈើនេះ ទើបបណ្តាលឲ្យដួលបាក់រលំ តែសំណាងល្អដែលមិនបណ្តាលឲ្យមាន មនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងដើមឈើរលំ ធ្វើការសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងយករណាមកកាត់យកដើមឈើចេញផងដែរ៕





