
ស្វាយរៀងៈ លោកស្រីកតិ្តសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញប្រារព្ធទិវាជាតិ នៃការចងចាំជានិច្ចថ្ងៃ២០ឧសភា ត្រូវនឹងថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរិទ្ទិស័ក ព.ស២០៥៦២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាពលរដ្ឋកម្ពុជា ទូទាំងខេត្តស្វាយរៀង បានជួបជុំប្រារព្ធទិវាជាតិ នៃការចងចាំថ្ងៃទី២០ឧសភា ឆ្នាំ២០១៨ ដែលជាប្រវត្តិសាស្រ្ត ដើម្បីរំឭកការចងចាំ និងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ជាង៣លាននាក់ ដែលបានស្លាប់ដោយអំពើឃោរឃៅ ព្រៃផ្សៃ អយុត្តិធម៌ និងអមនុស្សធម៌ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។

នៅចំពោះមុខវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សូមលំឱនកាយ វាចារ ចិត្ត គោរពវិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ នៅក្រោមរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួងព្រលឹងរប ស់លោកអ្នកទាំងនោះ បានទៅកាន់សុគតិភពជារៀងដរាបតទៅ។ ដោយគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា គឺថ្ងៃ៧ មករា ១៩៧៩ បានបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបានបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

លោកស្រី ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្ត ទុកដាក់ការពារបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការពារបានយ៉ាងរឹងមាំ នូវខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំង ដែលជ្រោមជ្រែងដោយពួកបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ផ្ទុយពីឆន្ទៈប្រជាជន ត្រូវបានរាំងស្កាត់ទាន់ពេលវេលា ធ្វើឲ្យអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវរំលាយចោលទាំងស្រុង និងបានបញ្ឈប់មិនឲ្យរាលដាលទៅមុខទៀត នូវចលនាជ្រុលនិយមដ៏គ្រោះថ្នាក់នេះ។

លោកស្រីក៏បានសម្តែងការគោរពចំពោះតួនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម នៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបទៅដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាចក្លាហានសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ និងប្រជាជន ក៏ដូចជាយើងទាំងអស់គ្នា។
លោកស្រីកិត្តិសង្គហបណ្ឌិត បានអំពាវនាវសូមឲ្យបងប្អូនជនរួមជាតិនៅទូទាំងខេត្តស្វាយរៀង ដែលបានឃើញច្បាស់នូវគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលបានដាក់ចេញនូវបណ្តាគោលដៅជាយុទ្ធសាស្រ្ត និងគោលនយោបាយធំៗ ជាអាទិភាពដើម្បីជំរុញការអភិវឌ្ឈន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។ ដូចនេះ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូននៅថ្ងៃទី២៩កក្កដាខាងមុខនេះ៕



