រតនគីរីៈ កូនប្រុសច្បងនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា ខេត្តរតនគិរី គឺជាពេជ្រ ដែលបានកៃច្នៃបណ្តើរៗហើយ ដោយខេត្តមួយនេះ មានសក្តានុពលផ្នែករោងចក្រ កសិកម្មជាច្រើន បានមកបង្កើតនៅទីនេះ បង្កើតការងារ បង្កើតភ្ញៀវទេសចរ បានមកទស្សនា ហើយមានសណ្ឋាគារច្រើន បានបើកដំណើរការនាពេលបច្ចុប្បន្ន។
ខ្លឹមសារកូននាយករដ្ឋមន្រ្តី លើកឡើងបែបនេះ ខណៈដែលលោកបានចូលរួមក្នុងពិធី សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងបន្តទៀតថា ពិតណាស់ប្រទេសជាតិ ដែលអាចអភិវឌ្ឍទៅបាន អាស្រ័យលើមានធនធានមនុស្ស ក្នុងនាមយើង ជាធនធានមនុស្ស ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ ធ្វើយ៉ាងណាឲ្យប្រទេសមួយនេះ ក្លាយជាកូននាគ នៅអាស៊ី។
ក្រៅពីនោះ លោក ហ៊ុន ម៉ាណែត ក៏បានចាប់អារម្មណ៍នូវខ្លឹមសារជាច្រើនទៀតផងដែរ ការអភិវឌ្ឍន៍របស់ខេត្តរនគិរី គ្រាន់តែជាអ្វីដែលគេតែងតែហៅថា គ្រាប់ពេជ្រមួយគ្រាប់ ដែលគេមិនធ្លាប់ចាប់អារម្មណ៍កន្លងមក មុនដំបូងគេប្រហែលជាគិតថា គ្រាន់តែជាដុំថ្មមួយគ្រាប់តែប៉ុណ្ណោះ ពីព្រោះវាស្ថិតនៅឆ្ងាយពីទីក្រុងពេក តែមកដល់ពេលនេះ គឺជាពេជ្រដែលបានកែច្នៃបណ្តើរៗហើយ។
លើសពីនេះ លោក បានរំលេចទៀតថា ៣០ឆ្នាំចុងក្រោយនេះ លោកគ្រូ អ្នកគ្រូ បានដឹង ហើយអំពីទុកលំបាករបស់ប្រជាពលរដ្ឋយើង ប្រទេសជាតិយើង ហើយយើងតស៊ូយ៉ាងលំបាកបែបណា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានរួមកម្លាំងគ្នាកសាងប្រទេសឡើងវិញ លើគ្រប់វិស័យដែលបានប្រែក្លាយមុខមាត់ប្រទេសកាន់តែប្រសើរឡើង ក្នុងនោះវិស័យអប់រំ គឺជាវិស័យអទិភាពទីមួយ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើកកម្ពស់ខ្លាំងទាំងការស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានអប់រំ ក៏ដូចជាការអភិវឌ្ឍ ពង្រឹងសមត្ថភាពស្ថាប័ន សមត្ថភាពធនធានមនុស្សដែលបានឆ្លើយតបទៅនឹងតម្រូវការផ្នែក អប់រំ យុវជន ដល់លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបន្តថា បន្តិចទៀតយើងប្រហែលជាអាចក្លាយទៅជាប្រទេសកូនខ្លា សេដ្ឋកិច្ចអាស៊ីព្រោះធនាគារពិភពលោកចាត់ទុកយើងថាជាកូនខ្លា ដូចនេះមិនគួរណាអ្នកនយោបាយមួយចំនួនបង្អាប់តែខ្មែរគ្នាឯងនៅលើឆាកអន្តរជាតិនោះទេ បើខ្មែរមិនលើកពីខ្មែរខ្លួនឯង មិនមោទនភាពខ្មែរខ្លួនឯង គ្មានពីណាមកមោទនភាពចំពោះខ្មែរយើងឡើយ៕