Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយយ៉ាងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលហាមមិនអនុញ្ញាតបក្សប្រឆាំងចូលរួមការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា។

យោងតាមខ្លឹមសារសេចក្តីថ្លែងការណ៍របស់លោកស្រី Heather Nauert អ្នកនាំពាក្យរបស់ក្រសួងការបរទេសវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ កបប្រែក្រៅផ្លូវការ បានបញ្ជាក់ថា សហរដ្ឋអាមេរិកសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់អ្នកនយោបាយឈានមុខមកពីគណបក្សសង្រ្គោះជាតិ (គ.ស.ជ) ពីការចូលរួមនៅក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨។

សេចក្តីសម្រេចនេះរារាំងដល់អ្នកបោះឆ្នោតកម្ពុជារាប់លាននាក់​ពីការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនតាមជម្រើសរបស់ពួកគេ និងចោទនូវ សំណួរអំពីសុចរិតភាពនៃដំណើរការបោះឆ្នោត។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា «យើងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តានីតិសម្បទាបេក្ខជនគណបក្សសង្រ្គោះជាតិឡើងវិញជាបន្ទាន់។ បន្ថែមលើនេះទៀត ដោយរក្សាឲ្យ​ស្របជាមួយសេចក្តីសន្និដ្ឋានកាលពីពេលថ្មីៗរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំឃាំងតាមទំនើងចិត្ត ដែលថា ការដាក់ពន្ធនាគារនៃមេដឹកនាំគណបក្សសង្រ្គោះ​ជាតិ កឹម សុខា គឺជាអំពើតាមទំនើងចិត្ត ដូច្នេះយើងធ្វើការទាមទារសារជាថ្មីរបស់យើងឲ្យមានការដោះលែងរូបលោកជាបន្ទាន់»

ទាក់ទិននឹងការសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជាតែប៉ុណ្ណោះ។ លោកថា វាគ្រាន់តែជាការបង្ហាញកាន់តែច្បាស់នូវការកាន់ជើងអាយ៉ងរបស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិប៉ុណ្ណោះ។ ជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យកម្ពុជា ដែលមិនអាចលាក់បាំងបានឡើយ។ និងជាការជួយអាយ៉ងរបស់ខ្លួន គ្មានប្រសិទ្ធភាព និងវិសាលភាពមកលើកម្ពុជាជាដាច់ខាត។

អ្នកនំាពាក្យក៏បានលើកឡើងថា កាលពី​ពេលថ្មីៗកន្លងមកនេះ គណៈប្រតិភូព្រឹទ្ធសភាសរអា ដឹកនាំដោយលោក ដឹក អេរិកសុន  បានប្រកាន់ជំហរយុត្តិធម៌ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ ដូច្នេះការអនុម័តច្បាប់ដែលចង់ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នឹងមិនអាចចេញជាលទ្ធផលឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor