Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ប៉ូលិសសេដ្ឋកិច្ច បានឲ្យដឹងថា រថយន្តដឹកឈើលេខ២ ល្មើសច្បាប់១គ្រឿង ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើមកកាន់ទីរួមខេត្តសៀមរាប ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ស្ទាក់ចាប់បាន ខណៈកំពុងធ្វើចរាចរណ៍ចូលមកក្រុងសៀមរាប ។

លោកវរៈសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីករណីរថយន្តដឹកឈើល្មើសច្បាប់ នៅវេលាម៉ោង៥៖១៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភានេះ នៅតាមផ្លូវជាតិលេខ៦ ត្រង់ភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់បាន រថយន្ត១គ្រឿង ដែលមានផ្ទុកឈើខុសច្បាប់ពេញ ព្រមទាំងឃាត់ខ្លួនមនុស្ស២នាក់ ជាអ្នកបើកបរ និងព្រូឡាន ។

លោកវរៈសេនីយ៍ឯក បន្តថា បន្ទាប់ពីស្ទាក់ចាប់បាន កម្លាំងរបស់លោកបាននាំទាំងមនុស្ស និងរថយន្តយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំនីតិវិធីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ។

លោកបន្តថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ម៉ៅ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅខេត្តព្រៃវែង បច្ចុប្បន្នរស់ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ទី២-ឈ្មោះ ប៊ុន ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម។ ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់នេះដែរ លោក សឿន សេន បានអំពាវនាវដល់ពលរដ្ឋ ជួយសហការរាយការណ៍ដល់កម្លាំងរបស់លោក ចំពោះរាល់បទល្មើសសេដ្ឋកិច្ច ដូចជា ការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសជលផលជាដើម។ លោកបន្ថែមថា ឈើទាំងនេះ អាចមានចំនួនជាង១០ម៉ែត្រគូប ជាប្រភេទឈើលេខ២ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ករណីនេះអាចមកពីការចែកផលប្រយោជន៍គ្នាមិនត្រូវ ទើបឈានដល់ការរាយការណ៍ឲ្យកម្លាំងនគរបាលចាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor