Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ​ផ្ទុះក្បាលគ្រាប់៦០ មិល្លីម៉ែត្រ ១គ្រាប់ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះបានយកក្បាលគ្រាប់ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ទៅវាយដំដោះប្រលូញគន្លឹះរ៉ឺម៉កគោយន្តចេញពីគោយយន្ត ដើម្បីយកទៅភ្ជួរស្រែ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

​បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលបុស្បូវ ប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ​ ជាម្ចាស់គោយន្ត។ ដោយឡែក អ្នករងរបួសឈ្មោះ​ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង អ្នកទាំង២នាក់នេះ រស់នៅភូមិ ឃុំខាងលើ។

​បើតាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលម្ចាស់គោយន្ត បានដោះរ៉ឺម៉កគោយន្តរបស់ខ្លួនចេញពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែ។ នៅពេលនោះ មានអ្នកជិតខាងម្នាក់បានទៅឈរមើល ហើយនៅពេលដោះប្រលូញគន្លឹះរ៉ឺម៉កមិនចេញ ជនរងគ្រោះក៏យកម៉ូទ័រឆាបផ្តាច់ប្រលូញនោះ រួចក៏យកក្បាលគ្រាប់៦០ មិល្លីម៉ែត្រ ហើយមិនដឹងថាជនរងគ្រោះរើសយកពីតំបន់ណានោះទេ យកមកដំវាយ ដើម្បីយកប្រលូញគន្លឹះ គោយន្តនោះចេញ។ ខណៈនោះ ស្រាប់តែផ្ទុះ បណ្តាលឲ្យម្ចាស់គោយន្តខាងលើ ស្លាប់ភ្លាមមួយរំពេច។ ចំណែកអ្នកជិតខាងទៅឈរមើលរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

ក្រោយកើតហេតុបន្តិច ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor