header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមានការព្រមាន ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថានឹងចាត់វិធានការ ទៅលើអ្នកញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានឆ្លើយតបវិញថា ការទៅបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ ក៏ប៉ុន្ដែការមិនទៅបោះឆ្នោត ក៏ជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែរ គ្មានអ្នកណាម្នាក់ អាចចាប់បង្ខំបានឡើយ ខណៈការបោះឆ្នោតមុនៗ ក៏មានពលរដ្ឋជាច្រើនលាននាក់ មិនទៅបោះឆ្នោតដែរ ។

នៅប៉ុន្មានថ្ងៃនេះ មានអ្នកលេងហ្វេសប៊ុក (Facebook) ជាច្រើនបានបង្ហោះសារថា នឹងមិនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ កក្កដា ខាងមុខ និងខ្លះទៀតបាន បង្ហោះសារថា បានត្រៀមខ្លួនជានិច្ចសម្រាប់ការចូលរួមបោះឆ្នោតនោះ ។

កាលពីថ្ងៃទី ២៨ឧសភា ក្រោយពេលបញ្ចប់កិច្ចប្រជុំ ដើម្បីការពារសុវត្ថិភាពដំណើរការបោះ ឆ្នោត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ជាអំពើខុសច្បាប់ ដូច្នេះសម្ដេច ស ខេង ក៏បានបញ្ជាឲ្យសមត្ថកិច្ចត្រៀមចាត់វិធានការទៅលើជនទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ ។ សម្តេចអះអាងថា បើតាមច្បាប់អ្នកញុះញង់មិនឲ្យពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី៥ទៅ២០លានរៀល ។

តាមគេហទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា “ការទៅបោះឆ្នោត គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ តែការមិនទៅបោះឆ្នោត ក៏ជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែរ ។ ក្នុងការបោះឆ្នោតមុនៗ មានពលរដ្ឋរាប់លាននាក់ ដែលមិនបានទៅបោះឆ្នោតក្នុងមូលហេតុណាមួយ ហើយក៏គ្មាននរណាបានចាប់ថ្នាក់ ឬផ្តន្ទាទោសពលរដ្ឋដែលមិនបានទៅបោះឆ្នោតទាំងនោះឡើយ ។ ម្យ៉ាងវិញទៀត ពលរដ្ឋម្នាក់ៗ មានសិទ្ធិមានយោបល់ និងមានសិទ្ធិសម្តែងមតិរបស់ខ្លួន” ។

លោកអះអាងថា ការបោះឆ្នោតថ្ងៃ ២៩កក្កដា ខាងមុខ មិនមែនជាការបោះឆ្នោតមែនទែនទេ គឺជាការបោះឆ្នោតក្លែងក្លាយ ពីព្រោះពលរដ្ឋយ៉ាងតិចពាក់កណ្តាលនគរ ដែលស្រលាញ់និងគាំទ្រអតីតគណបក្សសង្គ្រោះជាតិ តាំងពីឆ្នាំ២០១៣មក មិនអាចជ្រើសរើសគណបក្សនេះ បានទេ ដោយសារតែមិនមានឈ្មោះគណបក្សនេះ លើសន្លឹកឆ្នោតឡើយ ។

លោក សម រង្ស៊ី បន្ដថា ពលរដ្ឋដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំងនោះ មានសិទ្ធិមិនចូលប្រឡូកប្រឡាក់ក្នុងការបោះឆ្នោត។ ពិភពលោកទាំងមូល ក៏បានដឹងដែរថា ការបោះឆ្នោតខាងមុខ មិនមែនជាការបោះឆ្នោតមែនទែនទេ ដូចអ្វីដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រីបណ្ឌិត រ៉ូណាស្មីត (Rhona Smith) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ របស់លោកស្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ថា ការបោះឆ្នោតណាមួយដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំជាងគេ មិនមែនជាការបោះឆ្នោតពិតប្រាកដទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post