header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រយៈពេលប៉ុន្មានខែ ដើមឆ្នាំ២០១៨នេះ មានករណីបាញ់បោះសេរីកើតឡើងច្រើនករណី ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពីសំណាក់មន្ត្រីរាជការ និងអ្នកមានលុយមានអំណាច ដែលបានបង្កជាចំណាប់អារម្មណ៍ដល់មហាជន។ យ៉ាងណា ការអនុវត្តច្បាប់របស់សមត្ថកិច្ចចំពោះបុគ្គលជាជនបង្កមានស្ដង់ដាខុសៗគ្នា ដោយករណីខ្លះ ត្រូវបានសមត្ថកិច្ចចាត់ការ ហើយក៏មានករណីខ្លះ កំពុងឈានទៅរកភាពរលាយបាត់សូន្យសុងតាមពេលវេលាផងដែរ។

ជាក់ស្ដែង គិតមកទល់ហ្នឹងចុងខែឧសភា ឆ្នាំ២០១៨នេះ​ ករណីបាញ់បោះពីសំណាក់កងកម្លាំងមន្ត្រីរាជការ មានអាវុធ មានអំណាច និងឧកញ៉ាជើងខ្លាំង កើតឡើងជាបន្តបន្ទាប់ ហើយក៏ត្រូវបានតុលាការចាប់ជនបង្កញាត់ទ្រុងផងដែរ សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ។ ដោយឡែក ចំពោះខេត្តកណ្ដាលវិញ ករណីបាញ់បោះមួយបង្កឡើងដោយឈ្មោះ រឿង សំអាន ហៅ ពៅ ដែលតាំងខ្លួនជាឧកញ៉ា លេងចរិកក្អេងក្អាងធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានខ្លបខ្លាចដោយអាងខ្នងមន្ត្រីធំ ហើយបង្កការបាញ់បោះជាងកន្លះបង់តាំងពីពាក់កណ្ដាលខែមករា ដើមឆ្នាំនោះ រហូតមកទល់ពេលនេះជិត៥ខែហើយ សមត្ថកិច្ចហាក់ព្រងើយកណ្ដើយ មិនចាត់ការ ហាក់ទុកឲ្យសំណុំរឿងឲ្យរសាត់រលាយបាត់តាមពេលវេលា។

ពាក់ព័ន្ធសំណុំរឿងនេះ ស្នងការ​រង​នគរបាលខេត្តកណ្ដាល ទទួលផែនព្រហ្មទណ្ឌ លោក រឿន ណារ៉ា ធ្លាប់ប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា ប៉ូលិសកំពុងតាមរកជនសង្ស័យ​ឧកញ៉ា រឿង សំអាន ហៅ ពៅ ដើម្បីហៅយកមកសួរនាំ ជុំវិញករណីអះអាងថា ប្រើប្រាស់អាវុធបាញ់បោះប្រមាណ២០គ្រាប់ គំរាមអាយុជីវិតមន្ត្រីក្រសួងរ៉ែ និងថាមពលមួយក្រុម ដែលចុះធ្វើអធិការកិច្ចក្នុងរណ្ដៅដីរបស់ខ្លួន ស្ថិតក្នុងឃុំព្រែកហូរ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោយសង្ស័យថា ម្ចាស់រណ្ដៅកំពុងបំពានច្បាប់ ឬខុសច្បាប់។

បើតាមលោក រឿន ណារ៉ា បញ្ជាក់ថា នេះជាបទល្មើសជាក់ស្ដែង មិនបាច់មានដីការបស់តុលាការទេ ប៉ុន្តែមានរយៈពេល​កំណត់៧ថ្ងៃ ហើយបើលើសរយៈពេល៧ថ្ងៃ គឺប៉ូលិស​អាចសុំ​ដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនតែម្ដង។ យ៉ាងណា រហូតទល់ពេលនេះ រយៈពេលជិត៥ខែហើយ ដែលសមត្ថកិច្ចខេត្តកណ្ដាល បណ្តែតបណ្តោយមិនឃើញចាត់ការយកជនបង្កមកផ្តន្ទាទោសតាមច្បាប់ឡើយ។

បន្ទាប់ពីផ្ទុះព័ត៌មានពីទង្វើបាញ់បោះរបស់ខ្លួន ឧកញ៉ា រឿង សំអាន បានប្រតិកម្មដល់សារព័ត៌មានក្នុងស្រុកថា “បាញ់គំរាមអាចម្កួតស្អី? គេបាញ់មាន់ក្លែមសោះហ្នឹង! កាំភ្លើង វ៉ាន់ឌឺឡុង បាញ់មាន់បាញ់កុកក្លែមស្រាតើ។ បាញ់រួចហើយ ទើបមន្រ្តីក្រសួងរ៉ែ និងថាមពលទៅតាមក្រោយ។ ពួកវាទៅរកលុយបាយ តែខ្ញុំមិនចង់ជួប។ ពួកអាឆ្កែអស់នេះ ចេះតែបំភ័ន្ត ខ្ញុំក៏ស្គាល់ទាប ស្គាល់ខ្ពស់ដែរ”។ សូមស្ដាប់សំឡេងលោក ពៅ ថៅកែរណ្ដៅដី ផ្តល់ការសម្ភាសន៍តាមទូរស័ព្ទឲ្យអ្នកព័ត៌មានក្នុងស្រុក ៖

ទង្វើបាញ់បោះ​សេរី​នេះ គឺជាការ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម ​និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយករណីខ្លះត្រូវបានចាត់ការតាមនីតិវិធ ខណៈករណីខ្លះស្ងាត់ឲ្យជ្រាបហ្មង។ ចំពោះករណីបាញ់បោះនេះ មើលទៅមានតែលោកឧកញ៉ា រឿង សំអាន ហៅ ពៅ រូបនេះទេ ដែលអាចមានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងស្រួល បើទោះជាធ្លាប់បាញ់គំរាមអាយុវជីវិតមន្ត្រីរាជការដ៏ដោយ។ មែនទែនទៅគេអាចហៅការអនុវត្តច្បាប់ចំពោះមនុស្សមានឋានៈ មានអំណាច ខុសៗគ្នានេះថា មានស្ដង់ដារពីរដាច់ដោយឡែក។

ប្រៀបធៀបករណីឧកញ៉ាបង្កបញ្ហាដូចគ្នា ប៉ុន្តែមិនឈានដល់ការបោះផងនោះ ដោយគ្រាន់តែទាញកាំភ្លើងវាយក្បាលអ្នករើសអេតចាយ បានធ្វើឲ្យឧកញ៉ាម្ចាស់ខុនដូមួយកន្លែងក្នុងរាជធានីភ្នំពេញ គឺឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ត្រូវជាប់ពន្ធនាគាររហូតមកទល់ពេលនេះ។ ឧកញ៉ា ប៉ិច តុងហេង ដែលបច្ចុប្បន្នក្លាយជាជនជាប់ចោទនោះ ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ PJ បណ្ដោះអាសន្ន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយ ដែលហ៊ានមើលមុខគេ នៅចំណុចមុខខុនដូរបស់ខ្លួន។

ក្រោយតុលាការឃុំខ្លួនលោកផ្កាយ១ ប៉ិច តុងហេង បានប៉ុន្មានថ្ងៃ ស្រាប់តែក្មួយប្រុសនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ឯក ហ៊ុន ជា ក៏បានបើកការបាញ់បោះប្រមាណជាង១០គ្រាប់ ក្នុងជម្លោះក្រុមគ្រួសារ ផ្អើលកណ្ដាលទីក្រុងទាំងយប់ រហូតអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានទៅជិត ដោយបានត្រឹមឈរសម្លឹងពីចម្ងាយ ហើយចុងក្រោយក៏ត្រូវតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។ លោកផ្កាយ៣ ហ៊ុន ជា ត្រូវបានលោក រស់ ពិសិដ្ឋ សម្រេចចេញដីកាផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស រយៈពេល១៨ខែ ភ្លាមៗ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ចំនួន២បទល្មើស ទី១ ចោទពីបទ “គំរាមកំហែងថានឹងសម្លាប់ និងទី២ ចោទពីបទ “ធ្វើឲ្យខូចខាតដោយចេតនា“ តាមមាត្រា២៣៣ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែក បន្ទាប់ពីលោក ហ៊ុន ជា បង្កចំណាប់អារម្មណ៍ខ្លាំងដល់មហាជន ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ ក៏កើតមានករណីបាញ់បោះមួយករណីទៀត បង្កឡើងដោយនាយទាហានផ្កាយ៣ និងមានងារជាឧកញ៉ា ឈ្មោះ ហូ ចំរើន ដោយបានបាញ់គំរាមភរិយា និងឪពុកម្ដាយក្មេកក្នុងជម្លោះគ្រួសារដូចគ្នា។ សម្រាប់ករណីនេះ ដំបូងឡើយមិនមានការឃាត់ខ្លួនជនបង្កឡើយ ទើបធ្វើឲ្យមហាជនយកទៅប្រៀបធៀបវាសនារវាងផ្កាយ៣ ហ៊ុន ជា និងផ្កាយ៣ ហូ ចំរើន ហើយក៏ក្លាយជាប្រធានបទជជែក និងចែកចាយយ៉ាងក្ដៅគគុកនៅក្នុងបណ្ដាញសង្គម។

ក្រោយមក លោក ហូ ចំរើន ក៏ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ធ្វើឃាត់ខ្លួនសួរនាំ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ រហូតដល់ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោកចៅក្រមស៊ើបសួរ កូយ សៅ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើឧកញ៉ា ហូ ចំរើន នៅមណ្ឌលកែប្រែម១ ហៅព្រៃស ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម បន្ទាប់ពីព្រះរាជអាជ្ញារងលោក សៀង សុខ សម្រេចចោទប្រកាន់ពីបទ “គំរាមកំហែងថានឹងសម្លាប់” តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដូចលោក ហ៊ុន ជា។

មិនមែនមានតែករណីទាំង៣ខាងលើនេះប៉ុណ្ណោះទេ ដែលបានកើតឡើងនៅរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ នៅមានករណីបាញ់បោះជាច្រើនទៀត កើងឡើងក្នុងប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក ជនបង្កទាំងអស់ ក៏ត្រូវបានតុលាការចាត់ការចាប់បញ្ជូនទៅពន្ធនាគារជាបន្តបន្ទាប់ ដើម្បីបង្ហាញពីតម្លាភាពក្នុងការអនុវត្តច្បាប់ ក៏ដូចជាផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ប្លែងតែខេត្តកណ្ដាល អាជ្ញាធរមានសមត្ថកិច្ច ហាក់អនុវត្តន៍ច្បាប់មានស្ដង់ដា។

មហាជនរង់ចាំមើលថា តើសមត្ថកិច្ចខេត្តកណ្ដាល មានសមត្ថភាពចាត់ការឧកញ៉ា រឿង សំអាន ហៅ ពៅ ដែលជាថៅកែរណ្ដៅដីដុសស្លែរ នៅស្រុកស្អាង ហើយបាញ់បោះជាងកន្លះបង់ គំរាមអាយុជីវិតក្រុមមន្ត្រីរបស់ក្រសួងរ៉ែ និងថាមពលនោះ អាចរស់នៅក្រៅសំណាញ់ច្បាប់រហូតមកទល់ពេលនេះ ដោយស្ងាត់ឈឹង ដោយគ្មាននរណានឹកទៀតឬយ៉ាងណា ឬមួយក៏ត្រូវទុកឲ្យសំណុំរឿងរសាត់រលាយបាត់តាមពេលវេលា។ គេល្បីថា លោក រឿង សំអាន ហៅ ពៅ រូបនេះ ក្អេងក្អាង និងមានអំណាច ជាពិសេសអាងខ្នងមន្ត្រីអាវុធហត្ថផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post