Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ មេខ្យល់ និងពលករខ្មែរសរុបចំនួន១៣នាក់ ត្រូវបានក្រុមតម្រួតថៃ ដេញតាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន នៅក្នុងស្រុកអារញ្ញប្រាថេត បន្ទាប់ពីពលករទាំងនេះ ត្រូវបានមេខ្យល់រៀបចំគម្រោងឲ្យដេកសម្ងំ​នៅលើរថយន្ត ដោយគ្របបិទបាំងយ៉ាងជិត ដើម្បីបញ្ជូនទៅធ្វើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រតិបត្តិការរបស់ក្រុមតម្រួតថៃនេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងបាងកក ត្រង់ចំណុចមុខស្ថានីយហ្គាស LPG ស្ថិតក្នុងឃុំ ណងសាំង ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ក្នុងកិច្ចប្រតិបត្តិការនោះដែរ គេសង្គេតឃើញថា មានការឃាត់រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា វីហ្គូ ពណ៌ប្រផេះ ពាក់ស្លាកលេខ បាងកក ៥៣០០ ខណៈដែលរថយន្តនេះមានដឹកអ្វីម្យ៉ាងដោយមានគ្របស្បៃ និងតង់យ៉ាងជិតផង ដោយអ្នកបើកបរឈ្មោះ អាំងផន សានណារៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំបាងណាំខៀវ ស្រុកព្រុំបុរី ខេត្តសិង្ហបុរី ។

ក្នុងរថយន្តនោះដែរ ក្រោយពេលបើកតង់ឡើង គេឃើញមានពលករខ្មែរដេកតម្រៀបគ្នារដូករណែល ដែលសរុបមានចំនួន១២នាក់ រួមជាមួយនិងមេខ្យល់ម្នាក់ ដែលជាជនជាតិខ្មែរ ឈ្មោះ លូន ភេទប្រុស អាយុ៤៥ឆ្នាំ ដោយពួកគេទាំងពីរនាក់ (មេខ្យល់ និងតៃកុង) មានការឃុបឃិត និងត្រូវរ៉ូវគ្នាក្នុងការដឹកជញ្ជូនពលករខុសច្បាប់ឲ្យ​ចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ។

សមត្ថកិច្ចថៃ បានអះអាងថា ជនទាំងពីរនាក់នេះ គឺមានទោសទៅតាមកំហុសរៀងៗខ្លួន ដោយអ្នកបើកបរខុសលើការជួយបិទបាំង និងដឹកជញ្ជូនពលករឲ្យ​គេចផុតពីការត្រួតពិនិត្យ និងចាប់ខ្លួន រីឯមេខ្យល់ គឺជាជនជាតិខ្មែរ ដែលហ៊ាននាំពលករជាច្រើននាក់ឲ្យ​លបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកគេត្រូវបានកម្លាំង​បញ្ជូនទៅកាន់តុលាការដើម្បីសម្រេច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor