
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើ និងអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតកុំបែកបាក់គ្នា គ្រាន់តែរឿងបោះឆ្នោត នៅពេលខាងមុខនេះឲ្យសោះ។ នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក យ៉ង សាំងកុមារ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម) បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ សីហា ឆ្នាំ២០១៥ ដែលមានលោកបណ្ឌិត កែម ឡី ជាបិតាស្ថាបនិក។ គណបក្សត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាជម្រើសថ្មី ឬជម្រើសទី៣ ដល់ប្រជាពលរដ្ឋ ដែលមិនពេញចិត្ត នូវនយោបាយប្រឈមមុខដាក់គ្នារវាងគណបក្សធំៗទាំង២ គឺរវាងគណ បក្សប្រជាជន និងអតីតគណបក្សសង្គ្រោះជាតិ។
លោក យ៉ង សាំងកុមារ បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា តាំងពីការកកើតដំបូង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិងកំពុងកសាងខ្លួនជាកម្លាំង កណ្តាលនិយម មូលដ្ឋាននិយម និងសេរីនិយមសង្គម។
លោកបញ្ជាក់ថា «យើងជាគណបក្សនយោបាយមួយ ដែលមានគោលបំណងវែងឆ្ងាយ គុណតម្លៃ គោលការណ៍ និងគោលនយោបាយច្បាស់លាស់ដាច់ដោយឡែកពីគណបក្សដទៃ ហើ យមិនរណប មិនចំណុះ ឬ មិនជាសម្ព័ន្ធគណបក្សមួយណាទេ។ កន្លងមក គ.ប.ម បានដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅចំនួន២៧ឃុំសង្កាត់ កាលពីខែមិថុនា ២០១៧ ហើយទទួលបានជោគជ័យនៅចំនួន៣ឃុំ ដោយទទួលបានអាសនៈ សរុបចំនួន៥។ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យ គ.ប.ម បាននិងកំពុងបំពេញតួនាទី របស់ខ្លួនបានយ៉ាងល្អ ក្នុងការធ្វើការបម្រើប្រជាពលរដ្ឋ»។
លោកបន្តថា សម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ គ.ប.ម ក៏បានត្រៀមខ្លួន ដាក់បេក្ខជនចូលរួមប្រកួត ហើយការសម្រេចចិត្តរបស់យើងធ្វើជាជំហានៗដូចខាងក្រោម៖ ទី១.នៅខែមករា ២០១៨ យើងបានសម្រេចចិត្តរើសបេក្ខជន សម្រាប់ឈរឈ្មោះ តាម គោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ មកដល់ពេលនេះ យើងបានត្រៀមបេក្ខជន សម្រាប់គ្រប់២៥រាជធានីខេត្ត។ ទី២.នៅថ្ងៃទី៦ ឧសភា ២០១៨ ខាងមុខនេះ យើងនឹងធ្វើការសម្រេចជាផ្លូវការពីការដាក់បញ្ជី ឬមិនដាក់បញ្ជីឈ្មោះបេក្ខជន ដើម្បីចូលរួមប្រកួតការបោះឆ្នោត។ ទី៣.តំណាងគណបក្ស របស់យើងមកពីរាជធានីខេត្ត នឹងចូល រួមធ្វើការសម្រេចរួមគ្នា បន្ទាប់ពីវាយតម្លៃលើ បរិយាកាស ការត្រៀមខ្លួនការបោះឆ្នោត និងកា រពិគ្រោះយោបល់ពីប្រជាពលរដ្ឋតាមមូលដ្ឋាន។ទី៤.ក្នុងករណី គបម សម្រេចចុះបញ្ជី ហើយយើងក៏អាចដកខ្លួនចេញពីការបោះឆ្នោតពេល ណាក៏បានដែរ ជាពិសេសប្រសិន បើល ក្ខខណ្ឌទាំង៤របស់យើង មិនត្រូវបានបំពេញ។
លោកបញ្ជាក់ថា លក្ខខណ្ឌទាំង៤ នោះគឺ៖ ទី១ សេរីភាពនៃការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ។ ទី២ បេក្ខជន សកម្មជន និងអ្នកគាំទ្រ មិនរងការគំរាមកំហែងក្រោមរូបភាព ផ្សេងៗ។ ទី៣ សេរីភាពក្នុងការផ្សព្វផ្សាយ ពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ទី៤ មានការផ្តល់សិទ្ធិ សេរីភាពពេញលេញដល់អ្នកសង្កតការណ៍ជាតិ និង អន្តរជាតិចូល រួមបានគ្រប់គ្រាន់ទាំងមុនពេលបោះឆ្នោត ពេលថ្ងៃបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត។
លោកបន្ថែមថា ការចូលរួម ឬមិនចូលរួមរបស់ គ.ប.ម ក្នុងការបោះឆ្នោតជារឿងសំខាន់។ តែអ្វី ដែលសំខាន់បំផុត គឺយើងមិនត្រូវឲ្យខ្មែរបែកបាក់គ្នា ដោយសារការបោះឆ្នោតទេ។ ការឈ្នះ ឬចាញ់ឆ្នោត ជារឿងធម្មតា ហើយអ្វីដែលសំខាន់បំផុត គឺក្រោយការបោះឆ្នោត យើងចេះរួបរួមគ្នាកសាងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ យើងធ្លាប់ទទួលរងគ្រោះគ្រប់គ្រាន់ ជាពិសេសចាប់តាំងពីឆ្នាំ១៩៧០ តាមរយៈសង្គ្រាមរវាងខ្មែរនិងខ្មែរ ខ្មែរសម្លាប់ខ្មែរ ដោយសារនិន្នាការនយោបាយផ្សេងគ្នា។ មានតែការរៀនរស់នៅជាមួយគ្នា ដោយយោគ យល់គ្នាទៅវិញទៅមក តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សទេ ទើបខ្មែរយើងបា នសុខទាំងអស់គ្នាយូរអង្វែង៕
