
ភ្នំពេញៈ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចបន្តឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ នៅក្នុងពន្ធនាគារបន្តទៀត រហូតដល់បិទបញ្ចប់ការសើបសួរ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រុះ ។
មន្ត្រីពន្ធនាគារ បានឲ្យដឹងថា នៅថ្ងៃទី ១៦ឧសភានេះ លោកចៅក្រម ពេជ្រ វិជ្ជាធរ បានបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ យាង សុមេត្តា និងជនជាប់ចោទឈ្មោះ អួន ឈិន មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឲ្យដឹងពីការពន្យាពេលនៃកាឃុំខ្លួន ដោយសារការសើបសួរនៅមិនទាន់បិទបញ្ចប់នៅឡើយ ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តុលាការកំពូលបានសម្រេចមិនដោះលែងលោក យាង សុមេត្តា និង លោក អួន ឈិន ឲ្យនៅក្រៅឃុំទេ ដោយសារបទចោទប្រកាន់លើជនជាប់ចោទទាំង២នាក់ ជាបទឧក្រិដ្ឋពាក់ព័ន្ធនិងប្រទេសជាតិ នឹងផលិតវវីដេអូរអាសអាភាស ។

លោក យាង សុមេត្តា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ត្រូវបានអនុរ័ក្សពន្ធនាគារព្រៃសបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការសើបសួរបន្ថែមពាក់ព័ន្ធនិងបទល្មើសផ្ដល់ព័ត៌មានសម្ងាត់ជាតិ ទៅបរទេសនិងបទផលិតវីដេអូរអាសអាភាស ។
សមត្ថកិច្ចបានឃាត់ខ្លួនលោក អួន ឈិន និងលោក យាង សុជាមេត្តា នៅថ្ងៃទី១៣ ហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀតដាក់បន្ទុកនោះ គឺរូបភាព និងវីដេអូរបស់លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូស៊ិចជាមួយបរទេស នៅក្នុងប្រទេសកម្ពុជា ។
មន្រ្តីនគរបាល បានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត ។
សូមបញ្ជាក់ថា អតីតបុគ្គលិកអាស៊ីសេរីទាំង២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅស្នងការរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអទិដែលបង្កឲ្យមានការ អន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹងការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ ។
ក្រោយមកការរកឃើញភស្តុតាងដាក់បន្ទុកថ្មីពាក់ព័ន្ធនិងវីដេអូអាសអាភាស ធ្វើឲ្យលោក អួន ឈិន និង លោក យាង សុជាមេត្តា ត្រូវប្រឈមមុខនិងកាងចោទប្រកាន់បន្ថែមមួយបទល្មើសទៀតតាមផ្លូវតុលាការ ហើយពួកគេត្រូវកាត់ទោសនាពេលឆាប់ៗខាងមុខ៕
