Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖យោងតាម Facebook ផ្លូវការរបស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហោះ សារ អំពាវនាវឱ្យប្រជាពលរដ្ឋជនរួមជាតិទាំងអស់ចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។ សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា គ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឱ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេទើបពួកគេអាចធ្វើដូច្នេះបាន។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកលោកថា៖ «សុខសប្បាយជាទេបងប្អូនកូនក្មួយទូទាំងប្រទេស? ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺកាន់តែខិតជិតមកដល់ហើយគឺនៅតែជាង២ខែទៀតប៉ុណ្ណោះ! មកទល់ថ្ងៃទី១៦ ឧសភានេះ គឺមានគណបក្សនយោបាយ៥ ដូចជា៖ ១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សយុវជនកម្ពុជា ៣- គណបក្សសញ្ជាតិកម្ពុជា ៤- គណបក្សខ្មែររួបរួមជាតិ និង ៥- គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបំពេញបែបបទត្រឹមត្រូវចុះបញ្ជី និងបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ កក្កដា ឆ្នាំ ២០១៨។

នៅថ្ងៃទី ១៦ ឧសភា នេះ គឺ គ.ជ.ប នឹងពិនិត្យសម្រេចទទួលស្គាល់គណបក្សនយោបាយមួយចំនួនថែមទៀតដែលបានបំពេញបែបបទត្រឹមត្រូវរួចរាល់ហើយ។ យោងតាមចំនួនគណបក្សនយោបាយដែលបានដាក់ពាក្យចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះរួចហើយ គឺមានគណបក្សនយោបាយចំនួន ២០ ដែល គ.ជ.ប កំពុងពិនិត្យបែបទថាតើបានបំពេញត្រឹមត្រូវរួចរាល់ហើយឬនៅមានខ្វះខាតអ្វី។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បើយើងប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិកគឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩%ទៅបោះឆ្នោត។ នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសយើងមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត ទី ២៩ ខែ កក្កដា ឆ្នំ ២០១៨ ខាងមុខទាំងអស់គ្នា និងថ្លែងអំណរអរគុណបងប្អូន និងកូនក្មួយដែលមានជំនឿជឿជាក់លើការដឹកនាំរបស់លោកហើយបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីលោកមានឱកាសដឹកនាំប្រទេសជាតិដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគង់វង្សយូរអង្វែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor