
តាកែវៈ លោក ហ៊ុន ម៉ាណែត បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ពាក្យថាសន្តិភាព ថ្វីដ្បិតស្ដាប់រាល់ថ្ងៃទៅ ដូចគ្មានតម្លៃអ្វីសោះ ប៉ុន្តែសន្តិភាពនេះ មានតម្លៃយ៉ាងធំមហាសាល មិនអាចកាត់ថ្លៃបានឡើយ។ ហើយម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តា ដែលអនុគ្រោះដល់ការកសាងនូវសមិទ្ធផលនានាទាំងប្រទេស។
ខ្លឹមសារបែបនេះ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែង ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តបារមីគោត្តម ស្ថិតក្នុងភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពដ៏សុខក្សេមក្សាន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រហូតមានការកសាងសមិទ្ធផលតូចធំជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ខុសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋជួបតែទុក្ខវេទនា រហូតអ្នកខ្លះបានស្លាប់ រងនូវពិការភាព ព្រាត់ប្រាសសាច់ញាតិ គ្មានការគោរពប្រតិបត្តិសាសនាដូចពេលបច្ចុប្បន្ននេះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំបង្រួបបង្រួមជាតិ កសាងអភិវឌ្ឍប្រទេសជាតិ ស្រោចស្រង់សាសនានានានៅកម្ពុជាឡើងវិញ តាំងពីឆ្នាំ១៩៧៩ រហូតដល់ពេលបច្ចុប្បន្ន ក្រោមយុទ្ធសាស្ត្រ នៃនយោបាយ ឈ្នះ-ឈ្នះ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែក ក៏បានសូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតទៅមុខ។ លោកថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការអភិវឌ្ឍនៅតែបន្តធ្វើជាហូរហែតទៅមុខ តួយ៉ាងដូចនៅមូលដ្ឋានឃុំពោធិ៍រំចាក ដែលពីមុនមានតែផ្លូវលំធម្មតាប៉ុណ្ណោះ តែបច្ចុប្បន្នឃុំពោធិ៍រំចាក់ និងមូលដ្ឋានប្រជាពលរដ្ឋដទៃទៀត មានសុទ្ធតែផ្លូវកា្រលគ្រួស និងបន្តពង្រីកច្រើនខ្វាត់ខ្វែង ហើយទៅអនាគតអាចនឹងមានផ្លូវក្រាលកៅស៊ូ ឬក្រាលបេតុងជូនប្រជាពលរដ្ឋថែមទៀត។

លោកបញ្ជាក់ថា គ្មានការសន្យាជូនប្រជាពលរដ្ឋឡើយ តែគណបក្សប្រជាជនកម្ពុជា នៅតែបន្តធ្វើជូនប្រជាពលរដ្ឋតាមលទ្ធភាព ខិតខំដំឡើងថ្លៃផលិតផលកសិកម្ម ពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យុវជនមានការសិក្សា និងមានការងារធ្វើកាន់តែច្រើនឡើងៗ ផលិតផលនាំចេញកាន់តែច្រើន និងសម្បូរបែប ខុសពីគណបក្សដទៃបានតែសន្យាចោល តែមិនធ្វើអ្វីសោះ មានតែញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា អំពាវនាវឲ្យគេឈប់ទិញផលិតផលពីកម្ពុជា បំបែកឆ្នាំងបាយកម្មករនិយោជិត សម្រាប់ជីវភាពប្រជាពលរដ្ឋកម្ពុជាទាំងមូល។

តាមរបាយការណ៍ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ក្រុមការងារចុះជួយមូលដ្ឋានឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានចំណាយថវិកាចំនួន២,៤៩៩,៤៧៦,០០០រៀល ស្មើនឹង ៦២៤,៨៦៩ដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍លើវិស័យអប់រំ យុវជន និងកីឡា សុខាភិបាល ធម្មការ និងសាសនា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវាសាធារណៈ៕




