
ព្រះសីហនុៈ រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ក្នុងល្បឿនលឿនបត់ឆ្វេងឆ្លងផ្លូវ បុកជាមួយម៉ូតូ ហើយជ្រុលទៅបុកតូបលក់ដូរ បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវឯករាជ្យ ខាងកើតស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-1416 បើកបរដោយជនជាតិចិន ឈ្មោះ GUO PENG ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ជីន ម៉ា (គ្មានបណ្ណបើកបររថយន្ត ) អ្នករួមដំណើរម្នាក់ ឈ្មោះ ZHENG LI XIAI ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូជីនម៉ាដូចគ្នា ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បើកបរមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក AREBLADE ពណ៌ ស-ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ័ន វ៉ាន់ឆាង ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ វៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅផ្ទុយគ្នា បុកពេញទំហឹង ចំហៀងទ្វាររថយន្តខាងមុខផ្នែកខាងស្តាំ បណ្ដាលឲ្យរងរបួសមនុស្ស២នាក់។

សមត្ថកិច្ចបន្តថា អ្នករងរបួសឈ្មោះ វ័ន វ៉ាន់ឆាង អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ២-ឈ្មោះ ZHENG LI XIAI អ្នករួមដំណើរលើរថយន្ត រងរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាព។

ចំណែកអ្នកបើករថយន្ត ជនជាតិចិន ដែលគ្មានបណ្ណបើកបរ ត្រូវបានសមត្ថកិច្ច បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


