
កំពង់ឆ្នាំងៈ ថៅកែសិប្បកម្មផលិតទឹកបរិសុទ្ធម្នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ប្រមាណ២-៣គ្រាប់ នៅចំណុចមុខផ្ទះរបស់ខ្លួន។ ហេតុការណ៍បាញ់ប្រហារមនុស្ស ដោយគ្មានញញើតដៃ និងសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៥០នាទីយប់ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចៅប្រុសរបស់ជនរងគ្រោះ មានឈ្មោះ ហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ដែលស្ថិតក្នុងហេតុការណ៍បាញ់ប្រហារខាងលើ ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post នៅកន្លែងកើតហេតុថា នៅមុនពេលកើតហេតុ ជីតារបស់ខ្លួន បានដើរចេញពីផ្ទះទៅរោងសិប្បកម្មផលិតទឹកបរិសុទ្ធ ដែលនៅខាងលិចផ្លូវទល់មុខផ្ទះដើម្បីទៅងូតទឹក។ ក្រោយមក ខណៈខ្លួនគេ(ចៅ)កំពុងលើកទឹកបរិសុទ្ធដាក់លើឡាន ក៏ស្រាប់តែឮជីតាស្រែកហៅខ្លួនឲ្យយកលុយឲ្យគាត់ទាំងសំឡេងញ័រ។ ភ្លាមៗនោះ ខ្លួនគេបានស្រែកប្រាប់ជីតាថា គ្មានលុយទេ ហើយគេក៏បានឮខ្មាន់កាំភ្លើងស្រែកឡើងថា “ហ៊ានតែនិយាយទូរស័ព្ទ អញបាញ់សម្លាប់ចោល”។ ឮសំឡេងនិយាយតែប៉ុណ្ណេះ គេក៏បានឮស្នូរគ្រាប់កាំភ្លើងផ្ទុះ២ទៅ៣គ្រាប់ ទើបស្ទុះទៅមើលជីតា ឃើញដេកនឹងដីក្រោមឡាន ខណៈខ្មាន់កាំភ្លើងដើរចេញ និងឡើងម៉ូតូចេញទៅទិសខាងត្បូងបាត់។

ចៅប្រុសខាងលើ បន្តប្រាប់ថា ក្រោយពីការបាញ់ប្រហារលើជីតារបស់ខ្លួនហើយនោះ គេបានស្ទុះទៅលើកជីតាដែរ ប៉ុន្តែគាត់បានស្លាប់នៅក្រោមរថយន្តដឹកទឹកបរិសុទ្ធបាត់ទៅហើយ ទើបខ្លួនស្រែកឆោឡោឡើង ដើម្បីឲ្យអ្នកស្រុកជួយ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ចៅប្រុសនោះថា ខ្មាន់កាំភ្លើងស្លៀកខោអាវប៉ារ៉ា និងពាក់មួកនិន្ចាពណ៌ខ្មៅ មានកាន់កាំភ្លើងវែង តែមិនស្គាល់ម៉ាក និងជិះម៉ូតូកញ្ចាស់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ មានឈ្មោះ ប៉ិន ហឿន ភេទប្រុស អាយុ៦១ឆ្នាំ មានប្រពន្ធ និងកូន៦នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធយីហោ ជីងថាយ។ ករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូងថា ជាករណីប្លន់សម្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបធ្វើការពិនិត្យសាកសព និងបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕




