Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាលារៀនអន្តរជាតិដ៏ធំមួយកន្លែងឈ្មោះថា CIA FIRST International School ហៅកាត់ថា CIA ដែលមានទីតាំងនៅទល់មុខបូរីអរគីដេរ រ៉ូយ៉ាល់ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនោះ បានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាលថ្ងៃ ពិសេសនៅពេលព្រឹក និងពេលល្ងាចតែម្តង ដែលធ្វើឲ្យមហាជនរិះគន់ និងថ្នាំងថ្នាក់យ៉ាងខ្លាំង។

បើតាមទិដ្ឋភាពជាក់ស្តែង នៅខាងមុខសាលាអន្តរជាតិនេះ មានរថយន្ត ម៉ូតូ និងរ៉ឺម៉កកង់បីជាច្រើនស្កេកស្កះ នៅចតកកកុញលើទ្រូងផ្លូវ២០០៤ ខាងមុខសាលា CIA នេះ ដោយគ្មានរបៀបរាបរយ ដើម្បីរង់ចាំទទួលសិស្សចេញពីសាលា។ ការចតយានយន្តបែបនេះ ជាបញ្ហាបង្កឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ដោយសារកំណាត់ផ្លូវមួយនេះ មានអ្នកធ្វើដំណើរច្រើន ពិសេសអ្នកធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថា បញ្ហាស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការរៀបចំសណ្តាប់ធ្នាប់របស់សាលាមិនបានល្អ ហើយសន្តិសុខ ដែលធ្វើចរាចរនៅទៅនោះ ក៏ពុំសូវយល់ដឹងពីបញ្ហាច្បាប់ចរាចរណ៍ ក្នុងការសម្រួលកុំឲ្យមានការកកស្ទះឡើយ ពោល គឺក្រុមសន្តិសុខសាលានោះ សម្រួលតែរថយន្តដែលចេញចូលសាលា និងរថយន្តដឹកសិស្សរបស់គេតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរផ្សេងៗឡើយ។ អ៊ីចឹងហើយ ទើបមានការកកស្ទះចរាចរណ៍រាល់ថ្ងៃបែបនេះ។

អ្នកនៅជុំវិញទីតាំងសាលាខាងលើ ពួកគាត់ប្រាប់ថា ពេលវេលាដែលមិនស្ទះចរាចរណ៍ គឺមានតិចណាស់ ប៉ុន្តែរយៈពេលស្ទះខ្លាំងនៅម៉ោងចេញ-ចូលរបស់សិស្សសាលា ដែលជាវេលាអាណាព្យាបាលជូនទៅរៀននៅពេលព្រឹក និងទទួលយកនាពេលល្ងាច។ ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់មានការធុញទ្រាន់យ៉ាងខ្លាំង ពេលមានការកកស្ទះចរាចរណ៍ម្តងៗ ដែលជាហេតុធ្វើឲ្យខកពេលវេលា ពិសេសនៅពេលមានរថយន្តសង្គ្រោះ គឺមិនអាចទៅមុខរួចតែងម្តង។

មហាជនបានលើកឡើងថា សាលាអន្តរជាតិខាងលើនេះ គឺជាសាលាមួយដែលមានស្តងដាផងដែរ ប៉ុន្តែចំពោះបញ្ហាចរាចរណ៍នៅមុខសាលាវិញ ពុំទាន់មានការរៀបចំបានល្អនៅឡើយទេ ប្រសិនបើប្រៀបធៀបទៅចរាចរណ៍នៅខាងមុខសាលាណតប្រ៊ីត (NORTHBRIDGE) ខុសគា្នដាច់។

អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់ណាមួយជុំវិញបញ្ហាកកស្ទះចរាចរណ៍ បង្កឲ្យមានការរិះគន់ពីសំណាក់មហាជនបានទេ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។

ទោះជាយ៉ាងណា ចំពោះអ្នកបើបរតាមដងផ្លូវ២០០៤នេះ តែងតែមានការត្អូញត្អែរ ក៏ព្រោះបញ្ហាកកស្ទះធ្វើឲ្យមានការយឺតយ៉ាវសម្រាប់ការធ្វើដំណើររបស់ពួកគាត់។ ពួកគាត់ក៏សូមសុំណូមពរឲ្យអ្នកគ្រប់គ្រងសាលាអន្តរជាតិមួយនេះ ត្រូវមានវិធានការ ឬរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍មុខសាលារបស់ខ្លួនឲ្យខានតែបាន ជាពិសេសស្នើដល់អាជ្ញាធរមូលដ្ឋាន មេត្តាចុះពិនិត្យ ឬជួយសម្រួលពេលចរាចរណ៍កកស្ទះផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor