
កណ្តាលៈ ហាងទូរស័ព្ទមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបានក្រុមចោរថ្លើមធំចូលគាស់ទូលួចទូរស័ព្ទយកអស់រាប់រយគ្រឿង គិតជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១៥ ស្ថិតក្នុងភូមិថ្មី១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ហាងលក់ទូរស័ព្ទយីហោ អេង លៀង នៅក្រុងតាខ្មៅ ត្រូវបានក្រុមចោរលួចគាស់ហាង ចូលយកទូរស័ព្ទអស់រាប់រយគ្រឿង តម្លៃសរុបជិត២មុឺនដុល្លារ តែដូចជាមិនរំខានដល់សមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៍បន្តិចសោះ។ ជាងនេះទៅទៀត ក្រុមចោរទាំងនេះមិនក្រែងញញើតអ្វីបន្តិចសោះ ដោយបើកមុខឈរសម្លឹងកាមេរ៉ាសុវត្ថិភាពទៀត ប្រហែលជាមានខ្សែ និងខ្នងក្រាស់ហើយមើលទៅ បានជាមិនខ្លាចបែបនេះ។

ម្ចាស់ហាង ក៏ដូចជាប្រជាពលរដ្ឋតំបន់នោះមានការងឿងឆ្ងល់ជាខ្លាំង ថាត្រឹមម៉ោង៩យប់សោះ ចោរចូលគាស់ទូលួចទូរស័ព្ទអស់រាប់រយគ្រឿង ចុះហេតុអ្វីសមត្ថកិច្ចមិនដឹង បណ្តោយឲ្យក្រុមចោរទាំងនេះលួចយកបាន និងរត់គេចយ៉ាងរលូនបែបនេះ? សង្ស័យត្រូវដងត្រូវផ្លែគ្នាទេដឹង?


