Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនខ្លួនកូនចុង ដែលបានដកកាំភ្លើងភ្ជង់ក្បាលឪពុងចុង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆាង សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង។ ចំណែក ជនរងគ្រោះជាឪពុកចុងរបស់ជនសង្ស័យមានឈ្មោះ នាង យ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីម៉ាក K59 គ្មានលេខ (ឈូសលុបលេខ) មួយដើម បង់មួយ មានគ្រាប់មួយគ្រាប់។

គួររំឭកថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានយកកាំភ្លើងមកធ្វើសកម្មភាពបើកសោអាម៉េបញ្ចូលគ្រាប់ ភ្ជង់ទៅលើក្បាលរបស់ឪពុកចុង ដែលកំពុងតែឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើតខ្លួន។ ពេលនោះ ជនរងគ្រោះ ត្រូវជាឪពុកចុង បានដើរគេចពីកូនចុងទៅប្ដឹងសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចខ្លួនចេញពីកន្លែងផ្ទះកើតហេតុបាត់។

លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ជនសង្ស័យខាងលើ ក៏បានត្រឡប់ចូលមកពួនសម្ងំនៅផ្ទះកើតហេតុខាងលើវិញ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា អាវុធខ្លីខាងលើ រូបគេរើសបាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣៖៣០នាទីរសៀល ត្រង់ចំណុចមុខវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយក៏បានយកមកលាក់ទុកនៅលើទូក្នុងផ្ទះកើតហេតុខាងលើ ដើម្បីទុកគំរាមឪពុកចុងដែលតែងតែឈ្លោះប្រកែកជាមួយម្តាយបង្កើតរបស់គេជាញឹកញាប់ពេក។

រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរសៀល រូបគេបានឃើញឪពុកកំពុងឈ្លោះប្រកែកជាមួយម្តាយខ្លួន ក៏បានយកកាំភ្លកើងនោះមកគំរាមឪពុកចុង ក្រោយមកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធីច្បាប់តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor