
នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ នេះ លោក សម រង្សី បានលើកឡើងថា ៖ «ជម្រើសក្នុងការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ មានតែ គណបក្ស តិរច្ឆាន និង គណបក្ស អំពិលអំពែក ទេ ដែលចូលប្រកួត។ មួយណាក៏គ្រោះថ្នាក់ និងអន្តរាយ ដូចគ្នា។ កុំទៅបោះ ល្អជាង ! » ការលើកឡើងបែបនេះតាមរយៈផេគផ្លូវការរបស់លោក ។

ឆ្លើយតបនឹងការលើកឡើងរបស់លោកខាងលើនេះ អគ្គលេខាធិការនៃគណបក្សខ្មែរក្រោក ដែលជាគណបក្សថ្មីទើបនឹងបង្កើត ហើយបានដាក់ពាក្យចូលរួមដើម្បី បោះឆ្នោតខាងមុខនេះ មានការប្រតិកម្មយ៉ាងខ្លាំង ដោយថ្កោលទោស លោក សម រង្សី ថា៖
ក្នុងនាមនាងខ្ញុំជាអគ្គលេខាធិការនៃគណបក្សខ្មែរក្រោកសុំថ្កោលទោសនូវសម្ដី អសីលធម៌ ប្រមាថ របស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ

នេះការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះគណបក្ស នាងខ្ញុំ គឺគណបក្សខ្មែរក្រោក ព្រោះគណបក្សខ្មែរក្រោកក៏កំពុងរៀបចំខ្លួនក្នុងការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងពេលខាងមុខនេះ គណបក្សខ្មែរក្រោកជាគណបក្សមួយប្រមូលដោយ យុវជន យុវតី គណបក្សផ្ដល់ឱកាសអោយអ្នកមានសមត្ថភាពបានឈរជាបេក្ខជនតំណាងរាស្ត្រ ដោយគ្មានគិតថ្លៃ ផ្ដល់ឱកាសអោយបម្រេីរាស្ត្រដោយឆន្ទៈពិត មានទស្សនវិស្ស័យ គោលនយោបាយមិនប្រជាភិថុត ,
លោកសមរង្សី ជាមេបក្សប្រឆាំងមួយរូបដែលតែងតែប្រេីសម្ដីប្រជាភិថុត ទាញយកការឈឺចាប់ពលរដ្ឋក្នុងសង្គម ធ្វេីជាឈ្នាន់នយោបាយ , ភាគតិចបំផុតដែលលោកសមរង្សី ពន្យល់ពលរដ្ឋនឹងផ្សព្វផ្សាយទស្សនប្រាកដនិយម ,
លោកថាលោកហ៊ុនសែន ជារដ្ឋាភិបាលចោរ តែលោកតែងចង់ចចារជាមួយលោកហ៊ុនសែនរហូតមកដែរ
លោកអះអាងថាមិនចូលសភាជាមួយចោរ តែលោកក៏លូនចូលសភាជាមួយគេដែរ
លោកកុំអាលដៀលគណបក្សតូចតូចអី សូមលោកចាំថា មិនមែនមានតែលោកទេដែលស្នេហាជាតិ សុំចែកគេអោយស្នេហាជាតិផង ។ ឬក្រៅពីក្រុមបក្សពួកលោកសុទ្ធតែក្បត់ជាតិឬយ៉ាងណា លោកកំពុងបណ្ដុះវប្បធម៌បំបែកបំបាក់ខ្មែរហេីយ