
កំពង់ធំ៖ ដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជាក់ស្ដែង នារសៀលថ្ងៃ ព្រហស្បតិ៍ ១១រោចខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានសហការជាកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ចំនួន ១ លើក នៅចំណុចភូមិ កំពង់ធំ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ដោយឃាត់ខ្លួនមនុស្សចំនួន ០១នាក់ និង ដកហូតបានដុំម្សៅក្រាមពណ៌ ស សង្ស័យថាថ្នាំញៀនចំនួន ១២ កញ្ចប់, ទូរស័ព្ទដៃចំនួន ០១ គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យមានឈ្មោះ អេង វាសនា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបប មន្ត្រីជាប់កិច្ចសន្យា បំរើការងារនៅមន្ទីរមួយក្នុងខេត្តកំពង់ធំ មានទីលំនៅភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

យោងតាមការសាកសួររបស់កម្លាំងសមត្ថកិច្ច ឈ្មោះ អេង វាសនា នេះបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលក់ថ្នាំញៀនរយៈពេល ០៣ ខែមកហើយ។ ហើយថ្នាំញៀនខាងលើនេះខ្លួនបានទិញមកពីរាជធានីភ្នំពេញ ក្នុង ០១ កញ្ចប់ធំ តំលៃ ១លានរៀល ដើម្បីយកមកលក់បន្ត លុះពេលដែលខ្លួនកំពុងធ្វើសកម្មភាព ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបាន សមត្ថកិច្ចបានកសាងសំណុំរឿងកសាងសំណុំរឿងតាមនិតិវិធី ព្រមទាំងនាំយកវត្ថុតាង និងជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕

