
ភ្នំពេញៈ តារាសម្តែង ឆឹម វត្តី បានរងរបួសបាក់ដៃប្រមាណជាង១ខែមកហើយ ដោយសារការរអិលដួល។ ការប៉ះទង្គិចនេះ បណ្តាលឲ្យ ឆឹម វត្តី ដែលកំពុងតែមានទីផ្សារសម្តែងខាតបង់ពេលវេលាចេញរកប្រាក់ច្រើន ប៉ុន្តែសាម៉ីខ្លួនលើកឡើងថា មិនបានខាតច្រើនទេ ព្រោះមានការយោគយល់។

ជាភ័ព្វសំណាងស្ថានភាពបាក់ដៃរបស់នាងបានកើតឡើង ក្រោយរឿង «ភូមិគ្រឹះ១០០ល្បិច»បានបញ្ចប់រួចទៅហើយ ខណៈដែលការបាក់ដៃរបស់នាង នៅមិនទាន់ជានៅឡើយ ស្របគ្នាដែលភាពយន្តនេះ ជិតដល់ថ្ងៃចាក់ផ្សាយ។

នាងថា មិនធ្វើឲ្យនាងខាតបង់នោះទេ ដោយសារតែខាងផលិតករ ក៏ប្រកាសរង់ចាំរហូតទាល់តែនាងជាដៃ ឬដោះឈើអបចេញ ដែលធ្វើឲ្យនាងមិនខាតតំណែងដែលត្រូវទទួលបាន។ ឆឹម វត្តី បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច»របស់នាងត្រៀមនឹងត្រូវចាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥ ដែលជាភាពយន្តចុងក្រោយ មុនពេលរបួសបាក់ឆ្អឹងកដៃ ហើយត្រូវសម្រាកនៅផ្ទះមិនអាចទទួលការងារណាមួយបាន។ គ្រាន់តែនាងថតចប់ភាពយន្តភាគរឿង «ភូមិគ្រឹះ១០០ល្បិច» បានតែប៉ុន្មានថ្ងៃកាលពីមុនចូលឆ្នាំប៉ុណ្ណោះ ទើបនាងរអិលដួលបាក់ដៃ ហើយបណ្ដាលបាក់ឆ្អឹងត្រង់ករដៃនៅក្រោយចូលឆ្នាំខ្មែរ។ នាងថា ឆ្អឺងដៃមានសភាពបាក់ប្រេះប្រមាណជាជាងមួយខែមកហើយ ដោយការអបឆ្អឹងក៏មិនទាន់ដោះបាននោះដែរ ស្របគ្នាដែលស្ថានភាពនោះនៅមិនទាន់ដឹងថា តើដល់ពេលណាទើបបានជាដាច់៕



