
ព្រះសីហនុៈ រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា ដាច់រូទីលរេចង្កូចធ្លាក់ផ្លូវ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្លូវសម្តេចសង្ឃ ទេព វង្ស ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០-២១ ស្ថិតនៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក INTERNATONA ពណ៌សឆ្នូតលាយត្រួយចេកលឿង ពាក់ស្លាកលេខ 3C-8325 មានសណ្តោងរុឺម៉ក ពាក់ស្លាកលេខ 4A-1845 ជារថយន្តដឹកប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ កម្ពុជាតេលា។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបង្កឲ្យរថយន្តនេះរេធ្លាក់ផ្លូវ បណ្តាលមកពីរថយន្តដាច់រូទីល តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តខាងលើ បានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

