
ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិននោះជាមួយខេត្តសៀមរាប ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។
ការប្រកាសគាំទ្រសរបស់សម្តេច ជាពិសេសក្នុងនាមសម្ដេចជាប្រធានរដ្ឋសភា សូមគាំទ្រចំពោះមេត្រីភាពរវាងខេត្តសៀមរាប និងទីក្រុងម៉ាកាវ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពេលថ្មីៗកន្លងមកនេះ ដើម្បិធ្វើការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឲ្យកាន់តែច្រើន ពិសេសប្រជាជនចិន នៅទីក្រុងម៉ាកាវ។

សម្តេច ហេង សំរិន បានមានប្រសាសន៍បែបនេះ នៅពេលសម្តេចទទួលជួបសវនាការជាមួយលោក ឆយ ស៊ឺអន (Chui Sai On) ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោក ឆយ ស៊ឺអន ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ពិសេសបានអញ្ជើញធ្វើដំណើរទៅដល់ខេត្តសៀមរាប។

លោក ឆយ ស៊ឺអន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សម្តេច។ លោកថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាពេលនេះ លោកបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំ ជាដើម។
លោកក៏បានលើកឡើងថា ខួប៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០១៨នេះ បាននាំមកនូវផ្លែផ្កាជាច្រើន រវាងប្រទេសទាំងពីរ ទាំងវិស័យការទូត និងពាណិជ្ជកម្ម។

ក្នុងជំនួបនោះដែរ សម្តេច ហេង សំរិន បានអបអរសាទរចំពោះ តំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាបរបស់កម្ពុជា។ សម្តេចគូសបញ្ជាក់ថា « ចំណងមេត្រីភាពនេះ គឺជាការតភ្ជាប់តំបន់ប៉ូលទេសចរណ៍រវាងម៉ាកាវ និងខេត្តសៀមរាប ហើយក៏ជាការជំរុញផ្នែកពាណិជ្ជកម្ម និងវិនិយោគមកកម្ពុជាផងដែរ»។
សម្តេច ក៏បានសំណូមពរប្រធានគណៈប្រតិភូ ជួយជំរុញផ្នែកវិនិយោគ និងទេសចរណ៍ មកកម្ពុជា ជាពិសេសជួយជំរុញឲ្យមានការហោះហើរត្រង់ ពីម៉ាកាវមកកម្ពុជា។
លោក ឆយ ស៊ឺអន បានសន្យាថា នឹងខិតខំឆ្លើយតបរាល់សំណូមពររបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះ លោកក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ាកាវ តាមពេលវេលាសមស្របណាមួយ៕
