
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ថាលោកស្រីនឹងចូលខ្លួនឆ្លើយបំភ្លឺ ជាសាក្សីនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំខាងមុខ ប្រសិនបើទទួលបានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងសំណុំរឿង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨បានបញ្ជាក់ថា អ្នកស្រី ចក់ សុភាព នៅពុំទាន់ទទួលបានដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ រហូតមកដល់ពេលនេះ។
លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ សាក្សី៨រូបនោះ រួមមាន លោក ប៉ា ងួនទៀង អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សៀ ភារម្យ អតីតនាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក កែវ រតនា អតីតពិធីករវិទ្យុ ៩៣,៥FM និងអតីតបុគ្គលិកវិទ្យុអតីតគណបក្សសង្គ្រោះជាតិ ,លោក ឌឿន វីរ៉ាត់ អតីតមេឃុំអតីតគណបក្សសង្គ្រោះជាតិ ,លោក មាស គឹមសេង អតីតបុគ្គលិកសមាគមធាងត្នោត , លោក ហេង ពិសិដ្ឋ សមាជិក SBN និងលោក គ្រី សុង អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នេះបើយោងតាមដីកាកោះ របស់ លោក គី ឬទ្ធី ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ តែទើបត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
សូមរំលឹកថា លោក គី ឬទ្ធី ធ្លាប់កោះហៅសាក្សីយ៉ាងតិច២រូបរួចហើយ ឱ្យចូលឆ្លើយបំភ្លឺករណីសំណុំរឿងលោក កឹម សុខា គឺ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលរវុណ និងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។


