
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានងាប់ហើយ ដូច្នេះអតីតមេបក្សប្រឆាំងរបស់បក្សនេះ ក៏បានក្លាយទៅជាខ្មោចរួចហើយ ដោយមិនអាចមកចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងពិធីជួបសណេះសំណាលជាមួយកម្មករ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ សម្ដេ ហ៊ុន សែន ថា ករណីផ្តួលរំលំរាជរដ្ឋាភិបាលកើតឡើង ដោយសារតែអតីតមេបក្សប្រឆាំងដើរមកញុះញង់ ឲ្យកម្មករងើបបះបោរ នៅតាមបណ្តារោងចក្រនានា នៅទូទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀង ក៏បានធ្វើបាតុកម្មជាច្រើនដែរ ដូច្នេះសម្តេចបន្តអំពាវនាវ កុំឲ្យមានក្រុមបងធំ និងជើងកាង ក្នុងរោងចក្រ។
សម្តេចតេជោបន្ថែមថា “មេបក្សប្រឆាំងបានចូលមក តាមរោងចក្រនៅខេត្តស្វាយរៀង ដើម្បីជំរុញឲ្យកម្មករ-កម្មការិនី ទៅចូលរួម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ចឹងការជាប់គុករបស់អ្នកឯង គឺជារឿងត្រឹមត្រូវ មិនអាចលើកលែង ឲ្យអ្នកឯងបានទេ នេះជាផែនការផ្តួលរំលំ ដែលអ្នកឯងងាប់ ។ បក្សអ្នកឯងងាប់ មិនបានចូលរួមបោះឆ្នោត គឺអ្នកឯងក្លាយទៅជាខ្មោចរួចទៅហើយ ប៉ុន្តែកុំភ្លេចថា មានបក្សដទៃទៀត ហើយលើកនេះ អាចមានបក្សច្រើនជាង ឆ្នាំ២០១៣ ចូលរួមបោះឆ្នោត អត់បក្សមួយវាគ្មានអ្វីនោះទេ បោះឲ្យបក្សណាតាមចិត្ត ដែលខ្លួនស្រឡាញ់ទៅ ។ សង្ឃឹមថា ក្មួយៗបោះឲ្យគណបក្សប្រជាជន បោះឲ្យពូធ្វើជានាយករដ្ឋមន្រ្តី”។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ក្រោយការបោះឆ្នោត មានការធ្វើមហាបាតុកម្ម ជាលក្ខណៈទ្រង់ទ្រាយធំ ដោយសារតែអតីត មេបក្សប្រឆាំងទាំង២រូប គឺលោក សម រង្ស៊ី និងលោក កឹម សុខា កើតទុក្ខមិនសុខចិត្ត នឹងលទ្ធផលបោះឆ្នោត ក៏អតីតមេបក្សទាំងពីរ បានដឹកនាំធ្វើមហាបាតុកម្ម ដោយមានការញុះញង់កម្មករ នៅតាមបណ្តារោងចក្រទាំងអស់ ឲ្យចូលរួមបាតុកម្មជាមួយពួកគាត់។
ក្នុងពេលបាតុកម្មនោះ មានការបង្ក្រាបពីសំណាក់ កងកម្លាំងមានសមត្ថកិច្ច ហើយក៏មានការតតាំងគ្នា រវាងសមត្ថកិច្ច និងអ្នកតវ៉ា ហើយពេលនោះ បានធ្វើឲ្យមនុស្សស្លាប់៤នាក់ និងរងរបួសជាច្រើននាក់ផងដែរ ព្រមទាំងមានការចាប់ខ្លួនមេសហជីព និងសកម្មជន អតីតបក្សប្រឆាំងមួយចំនួនផងដែរ៕
