កំពតៈ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាថៅកែមីហិរនៅខេត្តកំពត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាកសួររបស់តុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរីជិត៥០គ្រាប់ នៅស្រុកទឹកឈូ ខេត្តកំពត កាលពីដើមខែឧសភា បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់។ ចំណែកជនសង្ស័យជាច្រើននាក់ទៀត ដែលជាបក្ខពួករបស់ថៅកែមីហិររូបនេះ ក៏ស្ថិតក្រោមការតាមប្រម៉ាញ់របស់សមត្ថកិច្ចផងដែរ។
ថ្លែងដោយសុំមិនបញ្ចេញឈ្មោះ សមត្ថកិច្ចប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភានេះថា ថៅកែមីហិរ៧កម្រិត នៅខេត្តកំពត (ម្ចាស់ភាគហ៊ុន) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបង្កការបាញ់បោះសេរីនៅស្រុកទឹកឈូ បាន១ថ្ងៃ ខណៈបក្ខពួកជាច្រើននាក់ កំពុងស្ថិតក្រោមការតាមប្រម៉ាញ់របស់សមត្ថកិច្ច។
បើតាមសមត្ថកិច្ច ជនសង្ស័យ ដែលជាថៅកែមីហិរខាងលើ មានឈ្មោះ ឡាយ ពិសិដ្ឋ ហៅ ទុំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប៉េអឹមខេត្តធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងមីហិរ៧កម្រិត ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្លាមៗ ហើយរហូតមកទល់ពេលនេះ តុលាការកំពុងធ្វើការសាកសួរដើម្បីឈានទៅចាប់ខ្លួនបក្ខពួករបស់គេជាច្រើននាក់ទៀត។
គួរបញ្ជាក់ថា មន្ត្រីយោធាមួយក្រុម បានស៊ីផឹកស្រវឹង ហើយបើកការបាញ់បោះសេរីអស់ជិត៥០គ្រាប់ បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង៥៖៤៥នាទីល្ងាច ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីចម្ការរបស់ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលស្រុកទឹកឈូ ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានកម្លាំងយោធាមួយក្រុម មានគ្នាប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើរដោយរថយន្តធុនតូចចំនួន៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពបាញ់បោះអនាធិបតេយ្យចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមសមត្ថកិច្ច ក្រោយពីបាញ់បោះរួចហើយ ក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹកបាត់អស់ ដោយមិនស្គាល់អត្តសញ្ញាណឡើយ។ រហូតដល់ម៉ោង៦៖៤៥នាទីល្ងាចថ្ងៃដដែល ទើបមានព័ត៌មានថា ការបាញ់បោះនោះ មានគ្រាប់កាំភ្លើងផ្លាតទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់ នៅកែងជើងខាងឆ្វេង។
ភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍បាញ់បោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋហើយនោះ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសម្បកគ្រាប់កាំភ្លើងដែលបាញ់នោះ ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ ចំនួន៣៧គ្រាប់)៕