Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេទ័ពសំខាន់ៗរបស់កម្ពុជា៣រូប រួមមាននាយឧត្តមសេនីយ៍ ប៉ុល​ សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍​ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តអាណត្តិទី៦ មកពីគណបក្សប្រជាជន នឹងត្រូវព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។

ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ នាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យបេក្ខជនតំណាងរាស្រ្តព្យួរតួនាទី ជាបណ្តោះអាសន្ន។

មាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឲ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបុព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ។ នាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ ​និងនាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់​នៅមណ្ឌលព្រះវិហារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor