
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នេះ លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានសរសេរនៅក្នុងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា៖ ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ គឺជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ដែលអាចនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព វឌ្ឍនភាព និងសិទ្ធិ សេរីភាពពេញបរិបូរណ៍។
លោក មុត ចាន់ថា រំលឹកថា៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តែងតែរក្សាគោលការណ៍ និងស្មារតីនៃការបង្រួបបង្រួមជាតិ និងខ្មែរតែមួយ និងប្រឆាំងដាច់ខាតចំពោះអំពើហិង្សា ឬការផ្លាស់ប្តូរណាមួយតាមរូបភាពបដិវត្តន៍ ឬរដ្ឋប្រហារ។
លោកក៏បានអំពាវនាវ សូមថ្នាក់ដឹកនាំនយោបាយគ្រប់និន្នាការទម្លាក់ចូលនូវការខ្វែងគំនិតគ្នា ហើយងាកមកចាប់ដៃគ្នាក្នុងនាមខ្មែរតែមួយប្រកបដោយភាតរភាព ដើម្បីរួបរួមគ្នាកសាងសង្គមជាតិនៃកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតប្រាថ្នាចង់បាន។ ហើយការដោះលែង ឯកឧត្តម កឹម សុខា ឱ្យមានសេរីភាព គឺជាកាយវិការនៃការបង្រួបបង្រួមជាតិមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ប្រជាជាតិខ្មែរទាំងមូល។
គួររំលឹកថា ការចុះបញ្ជីឈ្មោះគណបក្សនយោបាយក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបានចាប់ផ្តើតពីទី៣០ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែក្តីសង្ឃឹមមានតិចតួចណាស់សម្រាប់វត្តមានគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

