header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីអាយុ១៦ម្នាក់ ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ជាប់ផ្សារបុរីសន្តិភាព២  ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានស្រ្តីម្ចាស់ផ្ទះប្រើអំពើហិង្សាសឹងរាល់ថ្ងៃ វាយ ចាក់ ឈានដល់បង្អត់បាយជារឿយៗ។ ហើយ​ទង្វើដ៏កាចសាហាវនេះ មាន​រយៈពេល៤ឆ្នាំ ទើបនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ពលរដ្ឋក្បែរខាងកើតទុក្ខជំនួសក្មេងស្រី ហើយក៏បាន​រាយការណ៍ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ និងនាំស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ ។

ក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំមកហើយ មានស្រុកកំណើតភូមិទំនប់ថ្មី  ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ចំណែកស្រ្តីចិត្តព្រៃផ្សៃខាងលើ ឈ្មោះ ម៉េង រ័ត្នពិសី ហៅភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ បើតាមអ្នកក្បែរខាង បានឲ្យដឹងថា ស្រ្តីខាងលើនេះ ជាជនជាតិវៀតណាម កាត់ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងអួលដើមក ចំពោះមុខសមត្ថកិច្ចថា រូបនាង​ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើ រហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារ តាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ ស្រ្តីខាងលើន​ ប្រដាប់ដោយដែកវាយពេញរាងកាយ ក្បាល ជួន យកម្ជុលដេរប៉ាក់មកចាក់ លើរាងកាយ ក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។

ក្មេងស្រីរងគ្រោះ បន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លារក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាតថវិកា ទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន ។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បម្រាម មិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទ។

ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើរករឿងទាំងអ្នកជិតខាង ហើយថែមទាំងគំរាមវាយស្រ្តីម្នាក់ នៅក្បែរនោះ  ដែលចេះឈឺឆ្អាលរឿងគេ។

ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post