
បន្ទាយមានជ័យៈ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការស្ទាក់ចាប់រថយន្តប្រភេទតាកូម៉ា១គ្រឿង នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីសង្ស័យថា បានដឹកជញ្ជូននឹងជួញដូរសត្វព្រៃដោយខុសច្បាប់ ។
ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិថ្មី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានទាក់ទង និងការដឹកជញ្ជូនសត្វព្រៃនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់បញ្ជារឲ្យកម្លាំងជំនាញ ចុះស្ទាក់ចាប់ជាបន្ទាន់។ ជាលទ្ធផលកម្លាំងបានឃាត់រថយន្តមួយគ្រឿង ម៉ាកតាកូម៉ា នៅចំណុចខាងលើ រួចនាំមកកាន់ស្នងការខេត្ត ដើម្បីត្រួតពិនិត្យមើល ។

ជាលទ្ធផលសមត្ថកិច្ច បានឆែកឆេររកឃើញ សត្វអន្សង ចំនួន៧០ក្បាល ស្មើនឹង៣១៥គីឡូក្រាម និងសត្វអណ្តើក ចំនួន៦១៨ក្បាល ស្មើនឹង៤០៦គីឡូក្រាម ។

សូមបញ្ជាក់ថា ក្រោយពីធ្វើការរាប់ចំនួនរួចរាល់សត្វទាំងអស់ ត្រូវបានប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






