Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ហេង កេសរោ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសចៅប្រុសម្នាក់ ដែលបានវាយសម្លាប់យាយបង្កើតរបស់ខ្លួន ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងករណីដែលជនត្រូវចោទមិនសុខចិត្ត អាចប្ដឹងឧទ្ធរណ៍ប្រឆាំង និងសេចក្ដីសម្រេចនេះបាន ។

ជនត្រូវចោទឈ្មោះ ឆាយ ស៊ីនហូ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន លើយាយបង្កើត អាយុ៨៧ឆ្នាំ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងសវនាការនាពេលកន្លងមក ជនជាប់ចោទបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានបើកដំបូលផ្ទះឡើងទៅអង្គុយលេង ពេលនោះយាយឃើញ ក៏ហៅឲ្យចុះមកវិញ ទើបខ្លួនខឹង ក៏ចុះមកយកដំបងវាយយាយចំនួន៥ដំបង ស្លាប់តែម្តងទៅ។ បន្ទាប់ពីវាយយាយសម្លាប់រួច ក៏ត្រូវបងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗតែម្តង ។

លោក នាង ហៃ ជាមេធាវីការពារជនជាប់ចោទ បានសំណូមពរឲ្យតុលាការ កែប្រែបទចោទប្រកាន់លើកូនក្តីលោក ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទឃាតកម្មវិញ ដោយសារអង្គហេតុនេះបង្ហាញថា កូនក្តីលោកមិនបានគិតទុកជាមុនទេ ពោលគឺខឹងភ្លាមវាយសម្លាប់ជនរងគ្រោះភ្លាម និងដោយសាររូបគេមានជំងឺសតិមិនសូវគ្រប់ផងដែរ ។

ការសារភាពរបស់ជនដៃដល់ មិនបង្កភាពស្មុគ្រស្មាញដល់តុលាការទេ។ ដូច្នេះតុលាការបានប្រកាសសាលក្រមនៅថ្ងៃនេះ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារជនដៃដល់អស់មួយជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor