Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ សាលាបឋមសិក្សាចាងណាង ស្ថិតនៅក្នុងភូមិពោធិ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាសាលារៀននៅជនបទ ទទួលសិស្សចូលរៀនចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ជាកូនប្រជាកសិករ ដែលមានទីលំនៅភូមិជុំវិញនោះ ហើយសិស្សសាលាទាំងនោះអ្វីដែលកំពុងប្រឈម គឺការខ្វះខាតសម្ភារៈសិក្សា ទៅសាលារៀនបានទៅតាមលទ្ធភាព ទាំងឯកសណ្ឋាន ទាំងសម្ភារៈសិក្សា ក្នុងសភាពបែបចម្រុះ សំខាន់ឲ្យតែបានទៅរៀននៅសាលា ដោយមានការអនុគ្រោះពីលោកគ្រូ-អ្នកគ្រូផងដែរ ។

លោក កែវ សុវណ្ណា នាយកសាលា បានឲ្យដឹងថា សាលារៀនខាងលើកន្លងមក ទទួលរងភាពទ្រឌទ្រោម ប្រេះបាក់បែក ដំបូលធ្លុះធ្លាយ ជួនបង្រៀនសិស្សក្រោមដើមឈើ ដោយមើលឃើញទុក្ខលំបាករបស់សិស្ស លោកគ្រូ-អ្នកគ្រូសាលារៀនខាងលើ ត្រូវបានលោក ស សុខា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងក្រុមការងាររបស់លោក បានជួយធ្វើការជួសជុលសាលារៀនមួយខ្នង ដើម្បីសម្រួលដល់ការសិស្សារបស់សិស្សានុសិស្ស ជាទឹកចិត្តផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ។

លោកនាយកសាលា បន្តទៀតថា ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ សាលារៀនចាងណាង មានសិស្សចូលរៀនចំនួន២៧១នាក់ ស្រី១៤៥នាក់ គ្រូបង្រៀន ចំនួន៩នាក់ ស្រី៤នាក់ មានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ហើយកូនសិស្សទាំងនោះ សុទ្ធសឹងតែជាកូនប្រជាកសិករ រស់នៅក្នុងភូមិជុំវិញ ហើយភាគច្រើនសុទ្ធតែសិស្សក្រីក្រ សិស្សក្រីក្រមានចំនួន៩៩នាក់ ស្រី៥២នាក់ ជួបការលំបាកច្រើន ទាំងឯកសណ្ឋាន ទាំងសម្ភារៈសិក្សា តែអ្វីជាសំខាន់ទឹកចិត្តចូលរៀនសូត្រ ទោះជាសម្លៀកបំពាក់ចម្រុះពណ៌បែបណាក្តី ឲ្យតែក្មួយៗបានមករៀនដើម្បីចំណេះវិជ្ជា ។

លោកបានលើកឡើងដែរថា ថវិកាទ្រទ្រង់សាលា មានតែគិតទៅតាមចំនួនសិស្ស កាលបើសិស្សសាលារៀនចាងណាងមានត្រឹមតែ២៧១នាក់ លុយទ្រទ្រង់សាលាទទួលបានក្នុង១ឆ្នាំ បានត្រឹមតែជាង៣លានរៀលទេ ទើបធ្វើឲ្យសាលារបស់លោកជួបការខ្វះខាតសម្ភារៈសិស្សា ចំណាយលើសម្ភារៈបង្រៀនសិស្សមិនទាំងគ្រប់ផង ដោយសិស្សសាលាមានការខ្វះខាតច្រើន ទើបលោកក៏ដូចជាសិស្សានុសិស្សទាំងអស់ សូមធ្វើការអំពាវនាវដល់សប្បុរសជន មេត្តាជួយជាសម្ភារៈសិក្សា ដល់សិស្សកំពុងជួបការលំបាកច្រើន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor