
ភ្នំពេញៈ ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅចោមរោមមើលពេញភូមិ បន្ទាប់ពីបានប្រទះសាកសពបុរសម្នាក់ អណ្តែតទឹកទន្លេ ដែលមានសភាពហើមស្អុយរលួយ អណ្តែតមកជាប់នៅមាត់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខសាលារៀនហួរម៉េង ហើយបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យភ្លាមៗផងដែរ។
ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ កើតមានឡើងនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ នៅមាត់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខសាលារៀនហួរម៉េង តាមផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌច្បារអំពៅ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញសាកសពពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អណ្តែតមកឈប់នៅមាត់ច្រាំងទន្លេបាសាក់ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏មករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកប្រា ចុះទៅកន្លែងប្រទះឃើញ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យ។

បន្ទាប់មក សមត្ថកិច្ចបានទាក់ទងសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីយកសពឡើងមកធ្វើកោសល្យវិច័យនៅវត្តចាក់អង្រែក្រោម ក្រោយពីធ្វើកោសល្យវិច័យសពរួចហើយ ការសន្និដ្ឋានតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសរាជធានីភ្នំពេញ និងការបញ្ជាក់របស់វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា សាកសពនេះ ស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។

សាកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះភិនភាគនៃសពមានវ័យប្រហែលជាង៤០ឆ្នាំ ភេទប្រុស កម្ពស់ប្រហែល ១,៦៥ម៉ែត្រ ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហម ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចហើយ សពបុរសដែលលង់ទឹកស្លាប់ខាងលើនេះ កំពុងតម្កល់ទុកនៅវត្តចាក់អង្រែក្រោម រង់ចាំស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕




វីដេអូ៖