
កណ្តាលៈ ដោយសារតែការបង្ហោះហ្វេសប៊ុកពីការលោតទឹកសម្លាប់ខ្លួន ក្រោយកាប់ប្រហារអតីតភរិយា កាលពីថ្ងៃទី១៩ មេសាកន្លងមក មិនឃើញសាកសពអណ្តែតទឹកនោះ ពេលនេះក៏មានការចាត់ទុកថា ជនបាតដៃប្រឡាក់ឈាមប្រហែលជាកំពុងរត់គេចទៅលាក់ខ្លួននៅទីណាមួយហើយ មិនមែនលោតទឹកសម្លាប់ខ្លួននោះទេ។ ទើបនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលក្នុងបណ្តាញហ្វេសប៊ុក ដែលបានបង្ហោះព័ត៌មានថា ឃាតកររូបនោះ កំពុងលាក់ខ្លួននៅក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជាមួយនឹងប្រភពព័ត៌មាននោះ ភ្នាក់ងារ CAM POST ក៏បានសាកសួរទៅមន្ត្រីប៉ូលិសប៉ុស្តិ៍ភ្លាមៗដែរ តែបានបដិសេធថា មិនមានឃាតកររូបនោះ មកលាក់ខ្លួនក្នុងមូលដ្ឋានរបស់លោកទេ គឺជាព័ត៌មានមិនពិត ។
រហូតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ និងមហាជនទូទៅ នៅតែមានមន្ទិលសង្ស័យថា ឃាតករដែលបានកាប់អតីតប្រពន្ធយ៉ាងសាហាវព្រៃផ្សៃជាច្រើនកាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម កាលពីពេលថ្មីៗកន្លងទៅ គឺជននេះមិនទាន់ស្លាប់ទេ ហើយកំពុងតែរត់គេចខ្លួន។ ម្យ៉ាងទៀត ចំពោះព័ត៌មានដែលថា ជននោះបានលោតទឹកពីលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿងនោះ ក៏រហូតមកដល់ពេលនេះ មិនឃើញសពអណ្តែតទេ ។
ទោះជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះ និងមហាជន បានអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីឲ្យព្រលឹងកូនស្រីគាត់ ដែលស្លាប់ទៅបានស្ងប់ផង ។
គួរបញ្ជាក់ថា ជនជាឃាតករឈ្មោះ អិុន ដារ៉ាឆាយរ៉ាត់ អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានមនុស្សមួយចំនួនតូចឃើញតាមរយៈការឡាយ(live) ហ្វេសប៊ុកវីដេអូឃ្លីបរបស់ខ្លួន គឺឃើញជននេះជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ។
ការឃើញវីដេអូឃ្លីបខាងលើ គឺបន្ទាប់ពីជននេះ បានយកកាំបិតចែតទៅចាំស្ទាក់កាប់អតីតប្រពន្ធរបស់ខ្លួនឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីរសៀលថ្ងៃទី១៩ ខែមេសាកន្លងទៅ នៅក្នុងបរិវេណអនុវិទ្យាល័យកំពង់ចម្លងអ្នកលឿង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ថា ជនដៃដល់រូបនេះស្លាប់ ឬនៅរស់នោះទេ ព្រោះរហូតមកដល់ថ្ងៃទី១ ឧសភា ហើយនៅមិនទាន់ឃើញសពអណ្តែតឡើយ។ ប៉ុន្តែបើតាមប្រភពព័ត៌មានខ្លះនិយាយថា ជនជាឃាតកររូបនោះបានលោតទឹកមែន តែហែលឡើងគោកវិញ រត់គេចខ្លួនបាត់តែម្តង។ ឯខ្លះទៀតនិយាយថា ជនដៃដល់លោតទឹកទៅជាប់នៅបាតទន្លេទើបសពមិនផុស។ ចំណែកអ្នកធ្វើចម្ការនៅលើកោះចំរើន ត្រង់ចំណុចគល់ស្ពានជាច្រើនបាននិយាយថា ជនជាឃាតករនោះ មិនបានលោតទឹកសម្លាប់ខ្លួនទេ ។

ការ Live វីដេអូធ្វើជាលោតទឹកនោះ គឺជាការបំភ័ន្តសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការរត់គេចខ្លួន ឬក៏ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះស្ងប់អារម្មណ៍តែប៉ុណ្ណោះ ព្រោះនៅថ្ងៃកើតហេតុពួកគាត់ធ្វើចម្ការនៅគល់ស្ពាននោះតាំងពីព្រឹករហូតដល់ល្ងាច ពុំមានឃើញឬឮសូរសំឡេងមនុស្សលោតទឹកសម្លាប់ខ្លួនអ្វីសោះ។ បើតាមក្រុមគ្រួសារនិយាយថា កូនស្រីគាត់ដែលជាជនរងគ្រោះ និងជនល្មើស បានរៀបការស្របច្បាប់ជាមួយគ្នារយៈពេល២ឆ្នាំមកហើយ ដោយទៅរស់នៅផ្ទះខាងប្រុស និងពុំទាន់មានកូនទេ។ ប៉ុន្តែចាប់តាំងពីរៀបការរួចមក ប្តីប្រពន្ធនេះរស់នៅពុំចុះសម្រុងនឹងគ្នាឡើយ ដោយប្តីជាមនុស្សញៀនថ្នាំតែងតែវាយធ្វើបាបកូនស្រីគាត់ ប៉ោងមុខប៉ោងមាត់ ហើមក្បាល រត់មកផ្ទះឪពុកម្តាយវិញជាច្រើនលើកច្រើនសា។ ទោះជាយ៉ាងណា កូនស្រីគាត់នៅតែចិត្តមិនដាច់ពីប្តី ហើយក៏ត្រឡប់ទៅនៅជាមួយប្តីវិញ ទោះបីជាម្តាយក្មេកឪពុកក្មេកមិនពេញចិត្ត និងដៀលត្មះកូនស្រីគាត់យ៉ាងណាក៏ដោយ ឯគាត់ក៏មិនហ៊ានឃាត់កូនស្រីដែរ ។
ប្រភពដដែលបន្តទៀតថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនដែលជាអតីតប្តីនេះ បានបិទទ្វារផ្ទះវាយកូនស្រីគាត់រហូតបែកមុខ និងប៉ោងក្បាល ធ្វើឲ្យកូនស្រីគាត់ទ្រាំលែងបាន ក៏រើបង្វេចខោអាវជិះរ៉ឺម៉កកង់បីមកផ្ទះវិញ ។ លុះស្អែកឡើងថ្ងៃទី២០ ខែកុម្ភៈ ទើបហៅភាគីខាងប្រុសមកធ្វើលិខិតលែងលះគ្នា នៅសាលាឃុំព្រែកទន្លាប់ដោយភាគីទាំង២យល់ព្រមដាច់មគ្គសង្វាសពីពេលនេះតទៅ និងប្រគល់សិទ្ធិឲ្យគ្នាទៅវិញទៅមក ក្នុងការរកគូស្រករថ្មីរៀងៗខ្លួន ។ នៅពេលនោះបានធ្វើកិច្ចសន្យា ដោយភាគីខាងប្រុសក៏យល់ព្រម បើទោះបីការលែងលះនេះ មិនបានប្តឹងទៅតុលាការតាមផ្លូវច្បាប់ក្តី ។
ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ទៀតថា ចាប់តាំងពីពេលនោះមក ជនជាអតីតប្តីរូបនេះតែងតែទូរស័ព្ទ ឬឆាតតាមហ្វេសប៊ុកមកគំរាមសម្លាប់កូនស្រីគាត់ជាញឹកញាប់ ។ សកម្មភាពបែបនេះ ធ្វើឲ្យរូបគាត់ជាឪពុកមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពកូនស្រី ហើយក៏ធ្លាប់បានទូរស័ព្ទទៅប្រាប់នាយប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ផងដែរ តែលោកនាយប៉ុស្តិ៍ប្រាប់ថា មិនអីទេ វាមិនហ៊ានឡើយ ។ ទីបំផុត ជនល្មើសបានកាប់កូនស្រីគាត់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចម្ងាយពីរបងអធិការដ្ឋាននគរបាលស្រុកប្រហែល ជាង១០០ម៉ែត្រ ហើយរហូតមកដល់ពេលនេះ ក៏នៅតែមិនទាន់ដឹងច្បាស់ថា ជនល្មើសស្លាប់ឬរស់នៅឡើយ ។
ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ឹម សារិន អធិការរងនគរបាលស្រុកលើកដែក បានប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៧ មេសាកន្លងមកថា មកដល់ពេលនេះ នៅមិនទាន់មានតម្រុយថា តើជនជាឃាតករស្លាប់ ឬនៅរស់នោះទេ ព្រោះក្រុមគ្រួសារជនសង្ស័យបានជួលទូកអ្នកនេសាទរាវរកសព ក៏រកមិនឃើញ។ ទោះជាយ៉ាងណា សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី ព្រោះក្រុមគ្រួសារស្ត្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងដែរ បន្ទាប់ពីកើតហេតុភ្លាម៕
