Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ទី៥ ឧសភានេះ មានអ្នកស្លាប់កើនឡើងដល់៦នាក់ និងអ្នករងគ្រោះកើនដល់១៨នាក់ហើយ កំពុងសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ខណៈអ្នកខ្លះត្រូវបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤ភូមិក្នុងឃុំកន្ទួត ស្រុកចិត្តបុរី ខេត្តក្រចេះ មានករណីពុលទឹក កាលពីល្ងាចថ្ងៃទី៤ ម្សិលមិញ បណ្តាលឱ្យស្លាប់៥នាក់ រងគ្រោះ១៥នាក់នោះ ហើយមកដល់ថ្ងៃទី៥ ឧសភានេះ គេមិនទាន់ដឹងពីមូលហេតុពុលពិតនៅឡើយទេ ខណៈអ្នកស្លាប់និងអ្នកកើនឡើងបន្តបន្ទាប់។

ចាប់ពីថ្ងៃទី៤ រហូតមកដល់ថ្ងៃទី៥ ឧសភា នេះ ពេលនេះម៉ោងនេះ មានអ្នកស្លាប់កើនឡើងរហូតដល់ទៅ៦នាក់ហើយ និងអ្នករងគ្រោះ​ធ្ងន់ស្រាលកើនឡើងដល់១៨នាក់ បញ្ជូនទៅសង្គ្រោះនៅភ្នំពេញម្នាក់ ហើយនិងត្រៀមបញ្ជូនទៅបន្តបន្ទាប់ទៀត។

សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន CAM POST ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា ហេតុការណ៍ពុលនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ តែទើបនឹងត្រូវបានភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្រោយមានការភ្ញាក់ផ្អើលនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ ក៏បានចុះទៅដល់ភូមិកើតហេតុ ស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី និងបន្តចុះសួរសុខទុក្ខអ្នករងគ្រោះ និងចុះទៅផ្ទះអ្នកស្លាប់ផងដែរ។

មន្រ្តីសុខាភិបាល មិនទាន់អាចបញ្ជាក់ថា ការពុលនេះ បណ្តាលមកពីបរិភោគអ្វីនោះទេ តែមានការសង្ស័យថា ពួកគាត់បរិភោគទឹកដងពីអូរ ដែលមានសារធាតុថ្នាំពុល។

លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរីបានឲ្យដឹងថា ចាប់ពីថ្ងៃម្សិលរហូតដល់ពេលនេះអ្នកស្លាប់កើ​នឡើងដល់ទៅ៦នាក់ហើយ ចំណែកអ្នករងគ្រោះជិត២០នាក់ តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ លោកកំពុងចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ ហេតុការណ៍នេះ ហើយអ្នករងគ្រោះទាំងនោះមានអាការៈ វិលមុខ ក្អួតចង្អោរ ផ្សារភ្នែក ថប់ដង្ហើម។

លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ករណីនេះ តាម​​ការសន្និដ្ឋានបឋម អាចមកពីការប្រើប្រាស់ទឹក ព្រោះពលរដ្ឋរស់នៅម្ដុំនោះប្រើប្រាស់ទឹក អូរ ព្រែក អាចមកពីការប្រើថ្នាំបាញ់សម្លាប់ស្មៅ ពេលភ្លៀងមក អាចជាតិថ្នាំហូរចូល​ក្នុងទឹកអូរនោះ។

លោក បន្តទៀតថា អ្នករងគ្រោះទាំងនោះ នឹងត្រូវបញ្ជូនទៅសង្រ្គោះនៅភ្នំ​ពេញ ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរពេក​។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះបាននឹងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់បញ្ជូនមកសង្គ្រោះនៅភ្នំពេញ ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរកំពុងស្វែងរកពីមូលហេតុ ដែលនាំឲ្យមានការពុលនេះ។ ហើយរហូតដល់ត្រឹមម៉ោង១២ថ្ងៃទី៥ឧសភា នេះ ក្រុមជំនាញរកមិនទាន់ឃើញពីមូលហេតុនោះនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor