
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាតខ្លួន ខណៈកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្ត្រីជនបរទេសពីរនាក់ កំពុងថតរូបលើរ៉ឺម៉កកងបី តែមិនបានសម្រេច កាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅតាមបណ្ដោយព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផល ផល្លា ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ តាមផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចចរាចរណ៍យាមគោលដៅ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញស្ត្រីជនជាតិបរទេសពីរនាក់ ជិះរ៉ឺម៉កកងបី ហើយបានថតរូប ខណៈជិះមកដល់ចំណុចកើតហេតុ ខាងមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ជិះមកខាងស្តាំរ៉ឺម៉ក កងបី ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿង ម៉ាក iphone x មិនបានសម្រេច ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កកងបី បណ្ដាលឲ្យដួលម៉ូតូ ត្រូវសមត្ថកិច្ចចរាចរណ៍ក្រុងយាមគោលដៅឃាត់ខ្លួន ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី៕





