ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការរំលោភច្បាប់របស់ប្រទេស ដែលបានចែងច្បាស់នៅក្នុងមាត្រាទី១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវ ឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋទូទៅ កុំទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា បើតាមដំណឹងពី គ.ជ.ប គឺមានគណបក្ស៣ ដែលបានចុះបញ្ជីរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺ ទី១-គណបក្សប្រជាជនកម្ពុជា, ទី២-គណបក្សសញ្ជាតិកម្ពុជា, ទី៣-គណបក្សយុវជនកម្ពុជា ការចុះឈ្មោះ គឺចំណាយពេលខ្លី ។
ទន្ទឹមនឹងនោះ សម្ដេចបន្ថែមថា គឺមានគណបក្ស៦ទៀត ដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិ នៃកម្ពុជា សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា “ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ គឺសំខាន់ខ្លាំងណាស់។ មាត្រាទី៣៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ការឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស ដែលបានចែងច្បាស់នៅក្នុងមាត្រាទី១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត” ។
សម្ដេច សូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម ។
ជាមួយគ្នានេះដែរ សម្ដេច សូមអរគុណដល់ គ.ជ.ប ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ឲ្យទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៨ ។
ឆ្លៀតឱកាសនោះផងដែរ សម្ដេច ហ៊ុន សែន បានលើកឡើងទៀតថា “អរគុណបងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោតឲ្យគណបក្សប្រជាជនគ្រប់អាណត្តិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើន សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕