Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ នារីជនជាតិ​ព្នង​ម្នា​ក់ ​រួច​ផុតពី​សេចក្តីស្លាប់ បន្ទាប់ពី​ត្រូវ​បុរស​ជា​សង្សារ ​ប្រើ​ខ្សែរ​កាបូប​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​រឹត​កសម្លាប់ កាលពីវេលាម៉ោង១៖៣០នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧ ​ខែឧសភា ​ឆ្នាំ​២០១៨ នៅចំណុចលើ​កំពូលភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នុង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ក្រោយ​ភ្ញាក់​ពី​សន្លប់​លើ​គំនរ​សំរាម​ហើយ​នោះ បានបើ​ដើរ​ទាំង​ញញីរ​ញញ័រ​សំដៅ​មក​ប៉ុស្តិ៍​សុខដុម ​ដើម្បី​ប្តឹង​នគរបាល​ឲ្យជួយ​អន្តរាគមន៍​។ អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​លោក ​កាន់ ពេញ បានឲ្យដឹងថា ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​ ឡោ សុខា និង​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​លោក ​សូ សុវណ្ណ​ កម្លាំង​អធិការ​ក្រុង​និង​ប៉ុស្តិ៍ ​បាន​ចុះ​អនុវត្តន៍​អង្កេត​លើ​ករណីនេះ​ភ្លាមៗ ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ផងដែរ ​។

លោក​អធិការបានបន្ត​ថា ជនរងគ្រោះមាន​ឈ្មោះ​ ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ​ ជា​ជនជាតិ​ព្នង​ មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ បាន​រៀបរាប់ថា​ ​ជនសង្ស័យ​ជា​ឈ្មោះ ឆុំ ដា​វីត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុង ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម មុខរបរ​ ជាង​កែច្នៃ​គ្រឿង​សង្ហា​រឹម ​នៅ​កោះ​ញែក ស្នាក់​នៅផ្ទះ​បង ​ភូមិ​ចំការ​តែ ជាស​ង្សារ ស្គាល់​គ្នា​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។​ 

នារី​រងគ្រោះ​បន្តថា ​នៅវេលា​ម៉ោង​១០៖​០០​នាទី ​ថ្ងៃទី​៦ ខែ​ឧសភា ជនសង្ស័យបាន​ទូរស័ព្ទមក​ជនរងគ្រោះ​ឲ្យ​មកជួប​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ ។ នៅពេលនោះ ជនសង្ស័យ​បាន​យក​ម៉ូតូ ដឹក​ជនរងគ្រោះ​ទៅ​ផ្លូវ​ច្រកចូល​ភ្នំ​លោកយាយ ។ ពេលទៅដល់​ភ្នំ​លោកយាយ លើ​ភ្នំ​ដោះ​ក្រមុំ​ជនសង្ស័យ​ក៏​ទាមទារសុំ​បែក​ពី​ខ្លួន​(​ជនរងគ្រោះ​) តែ​ជនរងគ្រោះ​មិន​ព្រម​ហើយ​ខ្វែងគំនិត​គ្នា​ជនរងគ្រោះ​បាន​យំ​រហូត​អស់កម្លាំង ​និង​មាន​អាកា​រ​ឈឺពោះ ក៏ដេក​ទៅនឹង​ដីតែម្តង ​។

នារី​ខាងលើ​បន្តថា លុះដល់​ម៉ោង១​៖​៣០​នាទី​រំលង​អ​ធ្រា​តុ ​ឈានចូល​ថ្ងៃទី​៧​ ខែឧសភា ​ជនសង្ស័យ​បាន​បបួល​នាង​មក​ផ្ទះ​វិញ ។ តែ​នារី​រងគ្រោះ​ថា ចាំ​ខ្លួន​បាត់​ឈឺពោះ​សិន បន្តិចក្រោយមក​ជនសង្ស័យ​ជាស​ង្សា​រ ​ក៏បាន​​យក​ខ្សែ​កា​តាប​ពណ៌​ខ្មៅ​ ប្រវែង​៥៤​សង់ទីម៉ែត្រ ​រឹត​ក​ជនរងគ្រោះ​ដោយ​ជនរងគ្រោះ​ផ្កាប់មុខ​ទៅនឹង​ដី ក្រោយពី​នាង​សន្លប់​បាត់ ជនសង្ស័យ​ក៏បាន​ដឹក​ជនរងគ្រោះ​យកទៅ​បោះចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម ស្ថិតក្នុង​ភូមិ​ឡៅ​ការ សង្កាត់​​សុខដុម ក្រុង​សែន​មនោ​រម្យ​ ។

លោក​អធិការ​ក្រុង​បញ្ជាក់ថា ​នៅ​ម៉ោ​ង​ប្រមាណ​ជា​៥​ទាបភ្លឺ​ ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ២២០១៨ សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ​ដែល​ជនរងគ្រោះ​បាន​រៀបរាប់​ខាងលើ​។ ក្រោយ​ការឃាត់ខ្លួន​​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ខ្សែ​កាតា​ប​រឹត​ករ ជនរងគ្រោះ ពេល​នាង​សន្លប់​និង​បន្ត​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​ប្រាកដ​​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការតាម​​នីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor