Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បាន យកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ ហើយចូលអីវ៉ាន់ដោយបើកភ្លើង និងចាក់សោខាងក្នុង ប៉ុន្តែស៊យធំម្ចាស់មកទាន់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុមទី១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះ ឆុំ ឡាយ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលមិនចាំលេខ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ច័ន្ទណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តដឹកជញ្ជូនសម្ភារៈឲ្យក្រុមហ៊ុន The B Delivery ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវលេខ១៥០ ក្រុមទី១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះបិទទ្វារ រួចទៅដេកនៅផ្ទះជួលផ្សេង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ លុះព្រឹកឡើង បានមកបម្រុងបើកទ្វារផ្ទះ ស្រាប់តែឃើញនៅក្នុងផ្ទះមានបើកភ្លើង។ ដោយសង្ស័យមានមនុស្សនៅក្នុងផ្ទះ គេក៏យកកូនសោចាក់បើកទ្វារ តែបើកមិនបាន ព្រោះជនសង្ស័យចាក់សោពីក្នុងផ្ទះ។ ពេលនោះ ស្រាប់តែឃើញជនសង្ស័យ ឆុំ ឡៃ រត់ចេញមកក្រៅផ្ទះបម្រុងគេចខ្លួន ជនរងគ្រោះក៏ស្រែកចោៗ និងដេញតាម ដោយសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ឃាត់ខ្លួនបានជាក់ស្តែង ប្រគល់ឲ្យសមត្តកិច្ចនគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង រួមមាន ទុល្វីសចំនួន១, កូនកាំបិតរុញសម្រាប់កាត់ក្រដាសចំនួន១, ដែកសសៃសម្រាប់ឆ្កឹះសោចំនួន១សសៃ, កូនពិលពណ៌ខ្មៅចំនួន១ និងកាបូបក្រវ៉ាត់ចង្កេះ ពណ៌ខ្លាញ់ក្តាម ចំនួន០១ (ជារបស់ជនសង្ស័យយកមកធ្វើសកម្មភាព) និងសម្ភារៈរបស់ជនរងគ្រោះ រួមមាន អាវស្រីថ្មីចំនួន៧ ខោចំនួន៣ និងកងដៃចំនួន១ ធ្វើពីលោហៈធាតុពណ៌លឿងស្លេក និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក Nokia ពណ៌ខ្មៅ សេរីលេខ X202 (ជារបស់ជនរងគ្រោះ) ប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំរបស់ជនរងគ្រោះ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ឌ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បនជនសង្ស័យឈ្មោះ ឆុំ ឡៃ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor