Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ក្បាលកាប៊ីនរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង របស់ក្រុមហ៊ុនសំណង់ ហេង ហុងឆាយ នៅខេត្តបាត់ដំបង បានសង្កត់ផ្ដាច់ជីវិតតៃកុងរថយន្តម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូន ខណៈជនរងគ្រោះឡើងជួសជុលម៉ាស៊ីនរថយន្ត។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចន្លោះម៉ោង១១៖៣០នាទីព្រឹក ដល់ម៉ោង១៖៣០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី៦ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពឿន មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ហេង ហុងឆាយ មានប្រពន្ធឈ្មោះ ជិន ផល អាយុ២៨ឆ្នាំ និងទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា តាមការបញ្ជាក់របស់ឈ្មោះ ព្រេម ចន្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលត្រូវជាជាងជួសជុលរថយន្ត បានបញ្ជាក់ថា នៅវេលាម៉ោង១១៖១០នាទីព្រឹកថ្ងៃកើតហេតុ ខ្លួនបានចេញទៅហូបបាយរហូតដល់ម៉ោង១និង១០នាទីរសៀល ទើបខ្លួនត្រឡប់មករោងជាងធ្វើការវិញ ហើយបានដើរទៅមើលរថយន្តដែលជួសជុល ស្រាប់តែឃើញក្រណាត់អាវនៅលើម៉ាស៊ីនពីក្រោមកាប៊ីនឡាន។ ពេលនោះ ខ្លួនក៏ឈ្ងោកមើលឃើញជនរងគ្រោះ ត្រូវកាប៊ីនឡានសង្កត់ស្លាប់ ហើយខ្លួនក៏បានស្រែកប្រាប់គ្នាឲ្យមកជួយតែម្ដង។

ក្រោយពេលកើតហេតុ និងទទួលបានការរាយការណ៍ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត ប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណៈកម្មការមួយ ដើម្បីធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុ និងសាកសព ដោយពិនិត្យឃើញថា នៅមាត់ជនរងគ្រោះមានហូរឈាម ប៉ុន្តែរាងកាយមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារកាប៊ីនក្បាលរថយន្តសង្កត់ស្លាប់ពិតប្រាកដមែន។

ក្រោយការពិនិត្យកោសលវិច័យរួចរាល់ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះទៅឲ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor