
(កំពង់ធំ) ៖ នាថ្ងៃសៅរ៍ ទី ៥ ខែ ឩសភាឆ្នាំ២០១៨ នៅវេលាម៉ោង ១៤:៤៥នាទីរសៀល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ដល់ លោកវរសេនីយ៍ឯក ទិត សំណាង ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំកងកម្លាំងជំនាញ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសង ( អាប៉ោង និងជល់មាន់)ចំនួន ០១ លើក នៅចំណុចដីផ្ទះ ០១កន្លែង ស្ថិតក្នុងភូមិ ទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ និងដោយមានទំនាក់ទំនងល្អ ជាមួយបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន សមត្ថកិច្ចយើង បានបើកកិច្ចប្រតិបត្តិការធ្វើការស្រាវជ្រាវស៊ើបអង្កេតមួយរយ: រហូតដល់ចុះបង្រ្កាប ទីតាំងប្រព្រឹត្តិបទល្មើសល្បែងស៊ីសង ០១កន្លែង ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សារធារណ:ស្របតាមគោលនយោបាយ “ភូមិ-ឃុំ” មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។


ក្នុងការចុះបង្រ្កាបនោះដែរ កំម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ ម៉ូតូ ៥៥ គ្រឿង រថយន្ត ០៣ គ្រឿង មាន់ជល់ ១០ ក្បាល( ងាប់ ០៣ ក្បាល) អង្រុតដែក ១៥ ជញ្ជីងថ្លឹងមាន់ ០១ ចានជ័រទម្រអាប៉ោង ០១ និងការ៉ុងហាន់តោអាប៉ោង០១ និងធ្វើការ ឃាត់ខ្លួន មនុស្ស ០៥នាក់ ស្រី ០១ នាក់។
បច្ចុប្បន្នកំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕


